ព័ត៌មានជាតិ

Update៖ ចែកម៉ូតូគ្នាមិនដាច់ ប្តីទាញផ្គាក់កាប់ប្រហារលើប្រពន្ធដាច់ដៃម្ខាង!

ឧត្តរមានជ័យ: នៅវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិទួលក្រឡាញ់ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានករណីអំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើង ដោយបុរសជាប្តី បានទាញកាំបិតផ្គាក់ កាប់ទៅលើប្រពន្ធចំក្បាល និងដាច់ដៃម្ខាងយ៉ាងរន្ធត់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៊ូ ប៊ី ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវជាប្ដី បានយកកាំបិតខ្វែវ កាប់ទៅលើប្រពន្ធឈ្មោះ សែត ចាន់ណា ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅផ្ទះកើតហេតុជាមួយគ្នា បណ្តាលឲ្យរងរបួសធ្ងន់ ត្រង់ដើមដៃឆ្វេង ស្មារខាងស្ដាំ កដៃខាងស្ដាំ ក្បាលចំនួន៣កន្លែង។

បន្ទាប់ពីកើតហេតុភ្លាមៗ សមត្ថកិច្ចបានយកជនរងគ្រោះទៅពេទ្យបង្អែកស្រុកអន្លង់វែង។ ចំណែកជនបង្ក បានកាន់កាំបិតខ្វែវជាប់នឹងដៃចូលក្នុងផ្ទះ មិនព្រមឲ្យសមត្ថកិច្ចចូលចាប់ខ្លួនទេ ។ បន្ទាប់មកជនល្មើសបិទទ្វារផ្ទះ ចាក់សាំងដុតផ្ទះ ហើយយកខ្សែអង្រឹងចងក នឹងធ្នឹមផ្ទះ តែត្រូវសមត្ថកិច្ចយកឡានទឹកបាញ់ទឹកចូលក្នុងផ្ទះ និងប្រើកម្លាំងបុកចូល ទើបចាប់ខ្លួនជនសង្ស័បាន នាំមកកាន់អធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីចាត់ការតាមនិតិវិធី។

ចំណែកមូលហេតុ៖ ប្រចណ្ឌប្រពន្ធ ឈ្លោះប្រកែកគ្នា និងព្រមព្រៀងលែងលះ ប្ដីយកម៉ូតូ ប្រពន្ធមិនព្រមឲ្យដណ្ដើមម៉ូតូគ្នា ប្ដីក៏យកកាំបិតកាប់ប្រពន្ធបណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង ៕

មតិយោបល់