ព័ត៌មានជាតិ

ជនជាតិចិន បើករថយន្តលឿន បុករថយន្តជនជាតិចិនមួយគ្រឿងទៀត ជ្រុលទៅបុករនាំងពុះចែកទ្រូងផ្លូវ

ភ្នំពេញ: ជនជាតិចិនបើក រថយន្តលឿនជ្រុលទៅបុករថយន្តជនជាតិចិនមួយគ្រឿងទៀតហើយរថយន្តជ្រុលទៅបុករនាំងពុះចែកទ្រូងផ្លូវ ខូចខាតអស់ចំនួន១ផ្ទាំង រថយន្តមួយគ្រឿងបើករត់ ត្រូវបានកម្លាំងអន្តរាគមន៍ឃាត់រថយន្តអ្នកបើកបរគេចខ្លួនបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ១០និង៤០នាទីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលស្ថិតនៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តបង្កទី១ម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AD-7601បើកបរដោយជនជាតិចិន ក្នុងទិសដៅពីលិចទៅកើត។ រថយន្ត បង្កទី២ម៉ាកឡិចស៊ីសRX-330 ពណ៌ទឹកប្រាក់ ពាក់ស្លាកភ្នំពេញ 2AD-8293 បើកដោយជនជាតិចិនដូចគ្នា បើកក្នុងទិសដៅស្របគ្នា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កទី១ម៉ាកកាមរីបាឡែន បើកក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ហើយបន្ទាប់មករថយន្តបង្កខាងលើបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកឡិចស៊ីស RX330ពីក្រោយពេញទំហឹង ដែលកំពុងបើកស្របទិសគ្នា។ ហើយបន្ទាប់មករថយន្តម៉ាកឡិចស៊ីសRX330 បានខ្ទាតទៅបុករបាំងពុះចែកទ្រូងផ្លូវ បណ្តាលឲ្យ ខូចខាតអស់ចំនួន១ផ្ទាំង។

ប្រភពបានបន្តទៀតថា ខណ:ដែលគ្រោះថ្នាក់ភ្លាម រថយន្តម៉ាកឡិចស៊ីស RX330ខាងលើ បានបើកចូលបុរីទល់មុខព្រលានយន្តហោះ ហើយត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ ឃើញក្នុងបុរីខាងលើ តែម្ចាស់រថយន្តគេចខ្លួនបាត់ហើយ។ ចំណែកបង្កទី១ម៉ាកកាមរីបាឡែនខាងលើ បែកធុងប្រេងហៀរពេញផ្លូវ បើកទៅមុខមិនរួច ហើយតៃកុងគេចខ្លួនបាត់ ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ ជំនាញចរាចរណ៍ ខណ្ឌពោធិ៍សែនជ័យ បានប្រគល់ឲ្យ ចរាចរណ៍រាជធានីភ្នំពេញ ដើម្បីស្ទូចរថយន្តបង្កទាំង២គ្រឿងខាងលើ យកទៅផ្នែកជំនាញចរាចរណ៍រាជធានីភ្នំពេញ រង់ចាំការដោះស្រាយពេលក្រោយតាមច្បាប់បន្តទៀត៕

មតិយោបល់