ព័ត៌មានជាតិ

Update៖ ជិះម៉ូតូលឿនខ្លាំង រវល់តែងាកមើលស្រីខារ៉ាអូខេ រេទៅបុកទ្រូងផ្លូវ២០០៤ ស្លាប់ក្នុងថ្លុកឈាមមួយរំពេច

ភ្នំពេញ: បុរសម្នាក់មានវ័យ២៦ឆ្នាំម្នាក់ បើកម៉ូតូល្បឿនលឿន ហើយរវល់តែងាកមើលស្រីៗ ដែលកំពុងអង្គុយ ឈរ តំរៀបជួរ រង់ចាំទទួលភ្ញៀវ តាមមុខហាង KTV បែរជាជ្រុលចង្កូតរេទៅបុកទ្រូងចែកផ្លូវបណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែង កាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ២០០៤ ទល់មុខKTV មានលាភ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ ឈ្មោះ ឈៀង ណារិទ្ធ អាយុ២៦ឆ្នាំ មុខរបរជាងដែក ស្នាក់សង្កាត់ក្រាំងថ្នុង ខណ្ឌសែនសុខ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GC-0519 ។

មុនកើតហេតុ គេឃើញជនរងគ្រោះ សង្ស័យបានប្រើប្រាស់ជាតិស្រវឹងផង បើកម៉ូតូល្បឿនលឿន បោះពួយតាមបណ្តោយផ្លូវ២០០៤ ពីកើតទៅលិច លុះដល់ចំណុចខាងលើ សម្បូរដោយហាង KTV នៅឈរមុខហាងនីមួយៗ មានស្រីៗ ស្រស់ស្អាត ឈរទន្ទឹងរង់ចាំទទួលភ្ញៀវ ស្របពេលដែលជនរងគ្រោះរវល់តែងាកមើលតាមមុខហាង ស្រាប់តែជ្រុលរេចង្កូតទៅបុកទ្រូងចែកផ្លូវ បណ្តាលឲ្យដួលបោកក្បាលនិងស្លាកប៉ាន់ណូស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាណោចអធម័។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងក្រុង រង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ជូនវិញ។ ចំណែកសពជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ឲ្យ
ក្រុមគ្រួសារបានមកដល់ហើយយកសពទៅតម្កល់ទុកនៅវត្តក្រាំងថ្នង់ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់