ព័ត៌មានជាតិ

ក្មេងស្ទាវ២ក្រុម ចេញពីក្លឹប ផ្លេយ៍ ដេញវាយគ្នាយ៉ាងអណាធិបតេយ្យ!

ភ្នំពេញ: យុវជនទំនើង២ក្រុម បានចេញពីរាំលេងកម្សាន្តនៅក្នុងក្លឹប ផ្លេយ៍ ហើយបានធ្វើការដេញវាយតបគ្នាយ៉ាងអាណាធិបតេយ្យ ភ្លាមៗនេះក៏ត្រូវសន្តិសុខដែលយាមក្លឹបនោះធ្វើការឃាត់ខ្លួនបានយុវជនទំនើងបានចំនួន៣នាក់ តែចុងក្រោយបែរជាកម្លាំងអាវុធហត្ថខណ្ឌសែនសុខ ធ្វើការដោះលែងយុវជនទាំងនេះទៅវិញ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខក្លឹបកម្សាន្តយីហោ ផ្លេយ៍ ក្លឹប តាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញក្មេងស្ទាវចំនួន២ក្រុម ដោយមួយក្រុមមានគ្នា៧ទៅ៨នាក់ ទើបតែចេញមកពីរាំរ៉ែកលេងកម្សាន្តនៅក្នុងក្លឹបកម្សាន្ត ផ្លេយ៍ក្លឹបខាងលើ។ ហើយក្រោយមកក៏ស្រាប់តែក្មេងស្ទាវទាំង២ក្រុមនោះបានធ្វើសកម្មភាពដេញគ្នាយកដុំថ្មគាប់គ្នាទៅវិញទៅមកតាមដងផ្លូវបណ្តាលឲ្យដុំថ្មហោះចូលទៅក្នុងកន្លែងក្លឹបកម្សាន្តខាងលើ តែមិនបង្កឲ្យរងការខូចខាតនោះទេ ប៉ុន្តែហាក់ដូចជាបង្កភាពអាណាធិបតេយ្យយ៉ាងខ្លាំង និងបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ភ្លាមៗនោះកម្លាំងសន្តិសុខដែលយាមនៅត្រង់ចំណុចក្លឹបខាងលើក៏បានធ្វើការឃាត់ខ្លួនបានក្មេងទំនើងចំនួន៣នាក់។ ចំណែកឯបក្ខពួកប៉ុន្មាននាក់ទៀតបានគេចខ្លួនបាត់ស្រមោល។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមបានចុះទៅដល់ចំណុចកើតហេតុ ហើយបានបម្រុងនឹងនាំក្មេងទំនើងដែលបង្កភាពអាណាធិបតេយ្យខាងលើទៅកាន់ប៉ុស្តិ៍នគរបាលដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធីច្បាប់ តែពេលនោះកម្លាំងសន្តិសុខដែលយាមនៅក្លឹប ផ្លេយ៍ ខាងលើមិនព្រមប្រគាល់ក្មេងទំនើងចំនួន៣នាក់ខាងលើឲ្យទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាននោះទេ ដោយថារង់ចាំកម្លាំងកងរាជអាវុធហ្ថតខណ្ឌសែនសុខនាំយកទៅ។

ក្រោយពេលកើតហេតុខណ:ពេលដែលកម្លាំងកងរាជអាវុធហ្ថតខណ្ឌសែនសុខចុះមកដល់ចំណុចកើតហេតុហើយពិភាក្សាជាមួយនិងសន្តិសុខយាមក្លឹបខាងលើ មួយស្ទុះស្រាប់តែកម្លាំងកងរាជអាវុធហ្ថតខណ្ឌសែនសុខបានធ្វើការដោះលែងក្មេងទំនើងចំនួន៣នាក់ដែលបង្កភាពអាណាធិបតេយ្យខាងលើ ដោយមិនបាននាំយកទៅធ្វើការអប់រំឲ្យបានត្រឹមត្រូវនោះទេ។

គួរបញ្ជាក់ថាតាំងតែពីក្លឹបកម្សាន្តផ្លេយ៍ក្លឹបខាងលើ បើកដំណើរការមកគឺតែងតែមានក្មេងស្ទាវពពាក់ពពូនគ្នា និងដេញវាយគ្នាស្ទើរជារាងរាល់ថ្ងៃយ៉ាងអាណាធិបតេយ្យ ស្ទើរតែអ្នកដែលធ្វើដំណើរតាមដងផ្លូវ២០០៤ មិនចង់និងហ៊ានធ្វើដំណើរឆ្លងកាត់ចំណុចកើតហេតុខាងលើនោះទេ តែមិនទាន់ឃើញមានអាជ្ញាធររូបណាមានចាត់ការទៅលើក្លឹបខាងលើនោះទេ៕

មតិយោបល់