ព័ត៌មានជាតិ

Ramos៖ ចេញមុខសុំទោស Salah

ប្រធានក្រុម Real Madrid និងជាខ្សែការពារដ៍ឆ្នើម កីឡាករ Sergio Ramos បានចេញមុខសុំទោស Mohamed Salah នៅក្រោយចប់ការប្រកួត ដែល Real Madrid បានយកឈ្នះលើក្រុមហង្សក្រហម Liverpool ក្នុងលទ្ធផល ៣-១ ក្លាយជាជើងឯក​ Champion League ប្រចាំរដូវកាលនេះ។

បើតាមការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា Sergio Ramos បាន​និយាយសុំទោសទៅកាន់ខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah ចំពោះការធ្វើឲ្យ​រងរបួសមិនអាចបន្តការប្រកួតបានទៀតនោះ។ Ramos បានថ្លែងប្រាប់អ្នកសារ​ពត៌មានថា៖ វាគឺជាកំហុសអចេទនាមួយ ដែលបានកើតឡើង ខ្ញុំគ្មានបំណងណា​មួយចង់ឲ្យគាត់ ( Salah ) រងរបួសឡើយ។ ក៍ប៉ុន្តែ វាគឺជាការប្រកួតយើងមិនអាច​ដឹងមុនថា នឹងមានរឿងរ៉ាវអ្វីកើតឡើងឡើយ អ្វីៗគ្រប់យ៉ាង វាច្បាស់ជាកើតមាន ព្រោះថាកីឡាករទាំង២ក្រុមត្រូវការឈ្នះដូចគ្នា អ៊ីចឹងហើយ ការប៉ះទង្គិចមិនអាច​អត់បានឡើយ។ ក្នុងនោះដែរ Sergio Ramos ក៍បានជូនពរ Salah កុំឲ្យមាន​បញ្ហាធ្ងន់ធ្ងរ ដែលរំខានដល់រូបគេ ក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ីខាងមុខនេះ ដោយរំពឹងថា Salah អាចជួយក្រុមជម្រើសជាតិរបស់គេ បាន។

គួរបញ្ជាក់ផងដែរថា Mohamed Salah ត្រូវបង្ខំចិត្តដើរចេញពីទីលានទាំងទឹក​ភ្នែក នៅនាទីទី៣១ ដោយសារបញ្ហារបួសស្មារមិនអាចបន្តការប្រកួតទៀតបាន ក្រោយពីមានការដួលប៉ះទង្គិចគ្នាជាមួយ Sergio Ramos ជាហេតុធ្វើឲ្យកីឡាករ​អេហ្ស៊ីបរូបនេះខកចិត្តយ៉ាងខ្លាំង ដោយមិនអាខបន្តជួយក្រុម Liverpool នាវគ្គផ្តាច់ព្រ័ត្រដ៍សំខាន់នេះ។

មតិយោបល់