ព័ត៌មានជាតិ

តុលាការ សម្រេចឃុំខ្លួន នគរបាលដែលវាយគេផ្អើលហ្វេសប៊ុក!

ភ្នំពេញ: យោងតាមប្រភពពី សមត្ថកិច្ច បានឲ្យដឹងថា លោក តុប ឈុនហេង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញដីកាសម្រច បង្គាប់ឲ្យឃុំខ្លួន នគរបាលវ័យក្មេង ដែលវាយដំលើជនរងគ្រោះ ផ្អើលហ្វេសប៊ុកជាបណ្តោះ អាសន្នហើយ។

បើតាមសមត្ថកិច្ច លោក ចែ សុង ជាតំណាងអយ្យការ បានបើកការស៊ើបសួរ និង សម្រេចចោទប្រកាន់លើឈ្មោះ សុន ពិសាល កើតថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៩៣ មានឋានន្តរស័ក្កិព្រិន្ទបាល អត្តលេខ ៧៤៨៤០ តួនាទី​ជា នាយរងផ្នែក​ នៃនាយកដ្ឋានព្រហ្ម​ទណ្ឌ​ បច្ចេកទេស​ វិទ្យាសាស្ត្រ​ ពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសទាក់ទងនឹងជនល្មើស យោងតាមមាត្រា ២២១ នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបជូនថា ជនត្រូវចោទខាងលើ ត្រូវបាន នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពី ថ្ងៃទី​ ២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ បន្ទាប់ពីរូបគេ និងបក្ខពួក បានប្រើហិង្សាលើយុវជនម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់កាលពីយប់ថ្ងៃទី​ ២៤​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ ផ្អើលបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅតាមបណ្តោយផ្លូវលេខ៣៦០ កែងផ្លូវ១០៥ (មុខហាងស៊ុបចង្កាក់) ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចម្ការមន៕

មតិយោបល់