ព័ត៌មានជាតិ

ចេះតែមានហើយ! រកស៊ីចូលហ៊ុនគ្នា លក់គ្រឿងញៀន អស់លក្ខណ៍ត្រូវប៉ូលិសបង្ក្រាបបាន

កណ្តាល: ជនសង្សយចំនួន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាង ធ្វើការបង្ក្រាបបាន កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ក្នុងភូមិ ព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យទី១ឈ្មោះ អែម ប្រុស ហៅម៉ៅ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរបើកឡាន (ឃាត់ខ្លួន) និងទី២ឈ្មោះ មាស សុនណារ៉ាក់ (ហៅភ្នំ )ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ (ឃាត់ខ្លួន)។ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ សាន វណ្ណី (ហៅអំបិល) ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ (គេចខ្លួន)។ អ្នកទាំង៣ មានទីលំនៅបច្ចុប្បន្នភូមិ ព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន២៣កញ្ចប់ ក្នុងនោះ ធំ១កញ្ចប់ , តូច ២២កញ្ចប់ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ អែម ប្រុស ហៅ ម៉ៅ បានសារភាពថា ឈ្មោះ សាន វណ្ណី ហៅ អំបិល បានឲ្យគ្រឿងញៀន(ម៉ាទឹកកក) ចំនួន ២៣កញ្ចប់ (ធំ ០១កញ្ចប់ ,តូច ២២កញ្ចប់) មកខ្លួន(អែម ប្រុស) លក់ ក្នុង០១កញ្ចប់តូច ៥០,០០០រៀល (ប្រាំម៉ឺនរៀល) និង ១កញ្ចប់ធំ តម្លៃ ២០០,០០០រៀល (ម្ភៃម៉ឺនរៀល) លក់អស់គ្រឿងញៀន(ម៉ាទឹកកក) លុយចំណេញចែកគ្នា ។

ទន្ទឹមនឹងនោះ ឈ្មោះ អែម ប្រុស ហៅម៉ៅ បានសារភាពទៀតថា ឈ្មោះ មាស សុនណារ៉ាក់ ហៅភ្នំ ក៏បានយកគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់តូច ពីខ្លួន (អែម ប្រុស) ដើម្បីយកទៅលក់ឲ្យគេមិនស្គាល់ឈ្មោះ បានតម្លៃ ៥០,០០០រៀល។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ដតាមនីតិវីធីច្បាប់៕

មតិយោបល់