Post News Media ព័ត៌មានជាតិ លួចម៉ូតូពីខណ្...

លួចម៉ូតូពីខណ្ឌសែនសុខ ទៅជាប់អន្ទាក់នគរបាលខណ្ឌទួលគោក!

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវនគរបាលខណ្ឌទួលគោកធ្វើការឃាត់ខ្លួនក្រោយពីរូបគេបានធ្វើសកម្មភាពលួចម៉ូតូគេហើយជិះគេចខ្លួនមកដល់ខណ្ឌទួលគោក ក៏អស់ល័ក្ខណត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។

ការឃាត់ខ្លួនជនសង្ស័យខាងលើគឺប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅផ្លូវបេតុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ទើបប្រគល់ឲ្យសមត្ថកិច្ចខណ្ឌសែនសុខវិញ។

ជនសង្ស័យឈ្មោះ សួន កក្តដា ហៅរ័ត្ន ហៅមាឌ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិសែនសុខ១សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះម្ចាស់ម៉ូតូឈ្មោះ ផល ប៊ុនធឿន ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅផ្ទះសង់ថ្មីលេខ៤៤EPផ្លូវលំ ភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ដោយឡែកម៉ូតូដែលជនសង្ស័យលួចទៅនោះម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1Ak0013។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូខាងលើមកទុកនៅមុខផ្ទះហើយបានចាក់សោ.កត្រឹមត្រូវ រួចក៏ដើរចូលទៅក្នុងផ្ទះក្រោយមកក៏សម្រាក ពេលនោះជនសង្ស័យបានដើរមកធ្វើសកម្មភាពយកដែកកែច្នៃចុងស្រួចមកចាក់បំបែកគ្រាប់សោ.កម៉ូតូ ហើយជិះចេញទៅរហូតទៅដល់ខណ្ឌទួលគោកក៏ត្រូវសមត្ថកិច្ចចាប់បានតែម្តង។
តាមសមត្ថកិច្ចខណ្ឌសែនសុខបានឲ្យដឹងថាក្រោយពីទទួលបានព័ត៌មានពីកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកថា បានឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើករណីលួចម៉ូតូសមត្ថកិច្ចបានសហការទៅយកជនសង្ស័យនិងវត្ថុតាងមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួបន្ត។
ក្រោយពីសមត្ថកិច្ចសួនាំរួចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការនៅពេលក្រោយចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់ឲ្យទៅជនរងគ្រោះវិញ៕

Loading...