ព័ត៌មានជាតិ

លឿននោះលឿនចេញមកវិញបាត់ឈឹង! ជិះម៉ូតូចេញពីរៀនចតនៅមុខផ្ទះ!.

ភ្នំពេញ: បុរសម្នាក់ដែលជានិស្សិតរបស់សាលាច្បាប់បានបាត់ម៉ូតូមួយគ្រឿង បន្ទាប់ពីត្រឡប់មកពីសាលារៀនវិញហើយចតម៉ូតូនៅមុខផ្ទះតែមួយភ្លែតមិនទាន់ដល់៥នាទីផង លុះចេញមកវិញត្រូវជនសង្ស័យលួចកាច់សោ.កម៉ូតូរបស់គាត់ ជិះយកទៅបាត់ដោយសុវត្ថិភាព។ ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ជាងព្រលប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ទីតាំងស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលជាម្ចាស់ម៉ូតូមានឈ្មោះ សៀក ណារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ជានិស្សិតសាលាច្បាប់ មានទីលំនៅកន្លែងកើតហេតុ ។ ចំណែកម៉ូតូមួយគ្រឿងដែលជនសង្ស័យលួចយកទៅបាត់ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FI-3868។

បើតាមសម្តីបុរសជាម្ចាស់ម៉ូតូបានឲ្យដឹងថា មុនពេលកើតហេតុ បន្ទាប់ពីខ្លួនត្រឡប់មកពីរៀនវិញ បានចតម៉ូតូ នៅមុខផ្ទះ ថែមទាំងចាក់សោ.កទៀតផង ក៏ព្រោះតែផ្ទះជាកន្លែងលក់ដូរ មិនទាន់អូសម៉ូតូចូលបានភ្លាមនោះទេ ដោយទុកម៉ូតូនៅខាងមុខផ្ទះ ហើយខ្លួនបានដើរចូលផ្ទះមិនទាន់បាន៥នាទីផង ចេញមកវិញ ក៏ស្រាប់តែមានជនសង្ស័យលួចកាច់សោ.កម៉ូតូយកទៅបាត់តែស្រមោលតែម្តង។

ក្រោយពេលកើតហេតុ បុរសដែលជាម្ចាស់ម៉ូតូមិនដឹងជាទៅរកឯណាមានតែទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវនិងស្វែងរកជនសង្ស័យយកមកចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់