ព័ត៌មានជាតិ

ជនល្មើសជួញដូរគ្រឿងញៀនដ៏ធំម្នាក់ ត្រូវបានកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួន

ភ្នំពេញ: យោងតាម Page ផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃ បានឲ្យដឹងថា កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿង (ក៦) ដឹកនាំដោយលោក ឧត្តសេនីយ៍ត្រី ហម គន្ធី នាយករងមន្ទីរ ប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជា និងដឹកនាំដោយផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ទ្បឹក វណ្ណ: នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួល ពីលោក សៀង សុខ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោង ១៥ និង៣០នាទីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ដ៏ធំមួយនៅចំណុចដងផ្លូវក្បែរស្ថានទូតចិន ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការខាងលើ កងកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ម៉េង រតនា ហៅ ខ្វៃ ភេទប្រុស អាយុ ៤១ឆ្នាំជនជាតិខ្មែរ ដោយដកហូតបានវត្ថុតាងគ្រឿងញៀនសរុប ១៦ គីទ្បូក្រាម ៥១៤.៤៣ ក្រាម ក្នុងនោះមានថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ១៥ គីទ្បូក្រាម ៨១២.៦៩ ក្រាម ថ្នាំញៀនប្រភេទហេរ៉ូអ៊ីន ៧០១.៧៤ ក្រាម៕

មតិយោបល់