ព័ត៌មានជាតិ

រថយន្តLEXUS 570 ពាក់ស្លាកខេមរៈភូមិន្ទ បើកមិនមើលមុខទៅបុកគូទរថយន្ត​ហ៊ីយ៉ាន់ដាយ រងការខូចខាត!..

ភ្នំពេញ: រថយន្តម៉ាក ហ៊ីយ៉ាន់ដាយមួយគ្រឿងក្រពឹតផ្នែកខាងក្រោយ រងការខូចខាតយ៉ាងដំណំ ដោយសារតែរថយន្តម៉ាក LEXUS570 ពាក់ស្លាកលេខ ខេមរ:ភូមិន្ទមួយគ្រឿង បើកមិនមើលមុខនិងមកបុកពីក្រោយនោះ សំណាងល្អមិន បង្កឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីល្ងាច ថ្ងៃទី០២ ខែ កក្កដា ឆ្នាំ ២០១៨ នៅតាមបណ្តោយ ផ្លូវលេខ ៤៨៨ (ខាងកើតរង្វង់មូលផ្សារដើមថ្កូវ) ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AQ-2828 មួយគ្រឿង បើកបរដោយបុរសម្នាក់រួមទាំងស្រ្តីចំនួន២នាក់ទៀត រួមដំណើរផងដែរ។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តស៊េរីទំនើបម៉ាក LEXUS 570 ពាក់ស្លាកលេខ ខេមរភូមិន្ទ2-0817មួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ជាមន្ត្រីយោធាថ្នាក់ខ្ពស់ម្នាក់នោះ ទៅបុកពីក្រោយ បណ្តាលឲ្យក្រពឹតរងការខូច ខាតយ៉ាងដំណំតែម្តង តែសំណាងល្អមិនបង្កឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ក៏បានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងឲ្យភាគីទាំងពីរធ្វើការដោះស្រាយគ្នា ហើយខាងរថយន្ត LEXUS 570 ព្រមយករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ទៅធ្វើការជួសជុលឲ្យ ដើម្បីជាការបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុភ្លាមៗផងដែរ៕

មតិយោបល់