ព័ត៌មានជាតិ

ស្រវឹងស្រា បើករថយន្ដបុកឡើងឃឿន​ចិញ្ចើមផ្លូវរងការខូចខាត

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាបើករថយន្ដម៉ាកឡិចស៊ីស​RX300 មួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្នត្រង់ចំណុចផ្លូវកោងជ្រុលបុកផ្លោះឡើងឃឿនចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតទាំងរថយន្ដនិងឃឿនផ្លូវ តែសំណាងល្អមិនបណ្ដាលឲ្យម្ចាស់រថយន្ដឬអ្នកធ្វើដំណើររងរបួសនោះទេ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចខាងលិចរង្វង់មូលវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្ដបង្កម៉ាក ឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2O-1541 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងស្រា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដបង្ក ធ្វើដំណើរក្រឡឹងរង្វង់មូលវត្តភ្នំ ពីកើតមកលិចក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុមិនបន្ថយល្បឿនក៏ជ្រុលបុកឡើងឃឿនចិញ្ចើមផ្លូវផ្លោះពីម្ខាងទៅម្ខាងទៀតបណ្ដាលឲ្យរថយន្ដបែកកង់រងការខូចខាតនិងធ្វើឲ្យខូចខាតឃឿនចិញ្ចើមផ្លូវផងដែរ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបាននាំម្ចាស់រថយន្ដទៅសួរនាំនៅប៉ុស្ដិ៍រដ្ឋបាលនគរបាលវត្តភ្នំ រង់ចាំប្រគល់ឲ្យជំនាញចរាចរណ៍ក្រុង។ រីឯរថយន្ដសមត្ថកិច្ចធ្វើការវាសលវែងស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់