ព័ត៌មានជាតិ

ឆក់បានសម្រេច រត់មិនរួច ចាប់បានម្នាក់រត់រួចម្នាក់

ភ្នំពេញ: ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវបានប្រជាពលរដ្ឋចាប់វាយទ្រមខ្លួនរួចប្រគល់ឲ្យទៅសមត្ថកិច្ចបន្ទាប់ពីជនសង្ស័យខាងលើបាននិងបក្ខពួកបានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេចហើយត្រូវបានអ្នកធ្វើដំណើរតាមផ្លូវឃើញហេតុការណ៍ក៏ជិះបំបុកបណ្តាលឲ្យដួល។
ហេតុការណ៍នេះបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចខាងលិចស្តុបរង្វង់មូលកាមខូស៊ីតធី ប្រមាណ៥០០ម៉ែត្រ តាមបណ្តោយផ្លូវឧកញ្ញាម៉ុងរឹទ្ធី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យមានឈ្មោះ សុខ សាន់ អាយុ១៦ឆ្នាំ ភេទប្រុស មុខរបរមិនពិតប្រាដក ស្នាក់នៅម្តុំវត្តជុំ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញស្ត្រីម្នាក់បានរួមដំណើរនៅលើម៉ូតូមួយគ្រឿងមិនចាំម៉ាក ដែលបើកបរដោយបុរសម្នាក់ទៀត ដោយធ្វើដំណើរតាមបណ្តោយផ្លូវឧកញ៉ាម៉ុងរឹទ្ធី ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យខាងលើរួមទាំងបក្ខពួកម្នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសាគីនិង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CR-8523 ជិះមកពីក្រោយហើយក៏បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីរងគ្រោះដែលស្ពាយនៅនិងស្មារបានសម្រេច ហើយបានព្យាយាមជិះរត់គេចខ្លួន។ ភ្លាមៗនេះក៏មានប្រជាពលរដ្ឋម្នាក់ជិះម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាក ជាប្រភេទម៉ូតូធំ បានឃើញហេតុការណ៍ហើយបានជិះទៅបំបុកម៉ូតូរបស់ជនសង្ស័យបណ្តាលឲ្យដួលហើយក៏ត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរនោះធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើដែលជាអ្នកបើកម៉ូតូបានម្នាក់។ ចំណែកឯម្នាក់ទៀតបានងើបរត់គេចខ្លួនបាត់សម្រោល។ ដោយឡែកជនរងគ្រោះបានយកកាបូបរបស់ខ្លួនពីជនសង្ស័យ ហើយក៏ឡើងជិះម៉ូតូបន្តដំណើរទៅមុខទៀតបាត់ទៅ។

បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចមូលដ្ឋាននាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការរង់ចាំចាត់ការទៅតាមនិតិវិធីច្បាប់៕

មតិយោបល់