ព័ត៌មានជាតិ

កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ចុះបង្ក្រាបទីតាំងផលិតគ្រឿងញៀន នៅខណ្ឌពោធិសែនជ័យ

ភ្នំពេញ: កម្មករធ្វើការងារក្នុងរបរផលិតគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចុះទៅបង្ក្រាប និងឃាត់ខ្លួនដល់ទីតាំងផលិតតែម្តង ដោយរកឃើញម្សៅ សម្រាប់ផ្សំជាគ្រឿងញៀន សរុបចំនួន៨៩ កញ្ចប់ធំ រួមទាំងសម្ភារមួយចំនួនទៀត។

ប្រតិបត្តិការនេះ បានធ្វើទ្បើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងផ្ទះល្វែង បុរីពិភពថ្មី ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

ដោយនៅក្នុងប្រតិបត្តិការនេះ ត្រូវបានដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយរងមន្ទីរ លោកឧត្តមសេនីយ៍ត្រី សារីបុត្រ សត្យា នាយរងមន្ទីរ និងដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារអមសាលាដំបូងរាជធានីភ្នំពេញ រួមជាមួយកម្លាំងនគរបាលមូលដ្ឋាន។

ចំពោះវត្ថុតាងទាំងអស់រួមមាន ម្ស៉ៅក្រាមសចំនួន ៦៩កញ្ចប់ធំល្មម និង២០ដុំធំៗ ដែលបិតស្តុក និងខ្ចប់ដោយសំបកកញ្ចប់ ដែលសង្ស័យថាជាសារធាតុញៀន ។

ចំណែកជនសង្ស័យ ដែលឃាត់ខ្លួនខាងលើមានឈ្មោះ ឃិន ម៉ាប់ អាយុ២៥ឆ្នាំ រស់នៅភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបាននាំទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី ចំណែកម្ចាស់ទីតាំងរត់គេចខ្លួនបាត់៕

មតិយោបល់