ព័ត៌មានជាតិ

យុវជនប្រុសស្រី៣នាក់ ត្រូវបានជនសង្ស័យមួយក្រុម ធ្វើសកម្មភាពវាយប្លន់យកម៉ូតូមិនបានសម្រេច

ភ្នំពេញ: យុវជនស្រីប្រុស៣នាក់ ជិះម៉ូតូស៊ុយសាគីឡែតមួយគ្រឿង ទើបតែចេញពីក្លឹបរាំលេងកម្សាន្តបំណងទៅផ្ទះតែក៏ត្រូវជនសង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿង មកធ្វើសកម្មភាពវាយប្លន់យកម៉ូតូមិនបានសម្រេចបណ្តាលឲ្យរងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ត្រង់ចំណុចខាងក្រោមស្ពានអាកាសផ្សារដីហ៊ុយ តាមបណ្តោយផ្លូវហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បើតាមសម្តីពីជនរងគ្រោះប្រុសស្រីទាំង៣នាក់សូមមិនបញ្ចេញឈ្មោះថាឲ្យដឹងថា នៅមុនពេលកើតហេតុពួកគេបានចូលទៅរាំលេងកម្សាន្តនៅក្លឹបហ្គោលឡាញ់ ដោយមិនមានការឈ្លោះប្រកែកជាមួយអ្នកណានោះទេ។ លុះដល់វេលាកើតហេតុពួកគេទាំង៣នាក់បានចេញពីក្លឹបកម្សាន្តខាងលើបំរុងជិះត្រឡប់ទៅផ្ទះវិញនៅម្តុំជម្ពូវ័ន ដោយបានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយស័រគីឡែត ពណ៌ស បិតតែមពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1GZ-2899 តាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែលេចមុខជនសង្ស័យប្រុសស្រីមួយក្រុមមានគ្នាប្រាំទៅប្រាំមួយអ្នកជិះ២គ្រឿង មួយគ្រឿងម៉ាក ឌូក និងមួយគ្រឿងទៀតម៉ាក ហុងដាប៊ីត មិនចាំស្លាកលេខ បានជិះមកពីក្រោមដោយប្រដាប់ទៅដោយដុំថ្ម និងមួកសុវត្ថិភាព ហើយបានជិះបំបុកម៉ូតូរបស់ជនរងគ្រោះឲ្យដួលនិងបានវាយទៅលើជនរងគ្រោះទាំងបីនាក់ខាងលើបណ្តាលនារីរងគ្រោះរងរបួសបែកក្បាល និងបុរស២នាក់ទៀតរងរបួសស្រាល។ ភ្លាមៗនោះក៏មានជនសង្ស័យម្នាក់បានស្រែកប្រាប់ទៅកាន់បក្ខពួកយកលើម៉ូតូរបស់ជនរងគ្រោះជិះរត់ទៅ តែក៏ត្រូវបានជនរងគ្រោះស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវឈប់មើលនិងជួយអន្តរាគមន៍។ បន្ទាប់មកដោយក្រុមជនសង្ស័យភ័យស្លន់ស្លោក៌បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានដឹកយកទៅសាកសួរនាំនិងដាក់ពាក្យបន្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដោយភាពភ័យខ្លាចតែប៉ុណ្ណោះ៕

មតិយោបល់