ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពាក់ពន្ធ័ពីបទ ប៉ុនប៉ងមនុស្សឃាតដោយចេតនា

ត្បូងឃ្មុំ: នៅថ្ងៃ៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៦និង៣០នាទីល្ងាច មានករណីប៉ុនប៉ងមនុស្សឃាត មួយកើតឡើង នៅភូមិម្រាមទាក ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានជនល្មើសឈ្មោះ ផាន រិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិម្រាមទាក ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានធ្វើសកម្មភាពដោយយកកាំបិតផ្គាក់មកប៉ុនប៉ងកាប់ពីក្រោយខ្នងឈ្មោះ រ៉ា វាសនា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិម្រាមទាក ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ តែពុំបានសម្រេច ដោយសារមានការអន្តរាគមន៍ពីឈ្មោះ ផាន នី ភេទស្រី អាយុ៣៣ឆ្នាំ ត្រូវជាប្រពន្ធរបស់ឈ្មោះ រ៉ា វាសនា និងឈ្មោះផាន ភាន ភេទប្រុស អាយុ៤៥ឆ្នាំ ត្រូវជាបងបង្កើត បានស្រែកឆោឡោ និង ជួយចាប់ឃាត់ទាន់ពេលមិនបណ្ដាលឲ្យឈ្មោះ រ៉ា វាសនា រងរបួសនោះទេ។

ចំណែកមូលហេតុគឺ ជនសង្ស័យខឹងគ្រួសារជនរងគ្រោះ ដោយចោទប្រកាន់ថាបានធ្វើអំពើដាក់មកលើខ្លួន។

ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះរួច ភ្លាមមកកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោទី២ បានចុះទៅដល់កន្លែងកើតហេតុធ្វើការ ស្រាវជ្រាវ ចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ផាន រិទ្ធ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ កសាងសំ ណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់