ព័ត៌មានជាតិ

តុលាការបង្គាប់ឲ្យនាំខ្លួនបុរសម្នាក់ទៅសាកសួរ រឿងសែកស្អុយ តែត្រូវលើកពេលទៅថ្ងៃក្រោយ

​ភ្នំពេញ: លោក សាន សុផាត ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ បានចេញដីកាបង្គាប់ឲ្យមន្ត្រីពន្ធនាគារ ព្រៃស ម១ នាំខ្លួន បុរសម្នាក់ទៅកាន់ តុលាការដើម្បីសាកសួរ ពាក់ព័ន្ធ សំណុំរឿងចេញសែកស្អុយ។

ប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា សំណុំរឿងនេះត្រូវបានលោក សាន សុផាត ជាចៅក្រមស៊ើបសួរ សម្រេចលើកពេលទៅសាកសួរ ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ខាងមុខវិញ ដោយសារតែ អវត្តមានរបស់គូភាគីនៃរឿងក្តី។

ប្រភពបន្ថែមថា ជនត្រូវចោទមានឈ្មោះ សរ រ៉េត ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១៥អា ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

គួររំលឹកថា សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្នងការរាជធានីភ្នំពេញ បានឃាត់ខ្លួនជនត្រូវចោទ ខាងលើ កាលពីល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចបណ្តោយផ្លូវជាតិលេខ៦អា មុខបុរីម៉េងហួត ព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ការឃាត់ខ្លននេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យនាំខ្លួន របស់លោក សាន សុផាត ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន យោងតាមមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ បានប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១៧ កន្លងទៅ៕

មតិយោបល់