ព័ត៌មានជាតិ

ស្ត្រីជនជាតិបរទេសម្នាក់ ត្រូវជនសង្ស័យឆក់ទូរស័ព្ទបានសម្រេច រួចជិះគេចខ្លួនបាត់ នៅខណ្ឌទួលគោក!..

ភ្នំពេញ: ស្ត្រីជនជានបរទេស៣នាក់ រួមដំណើរនិងស្រ្តីខ្មែរម្នាក់ ជិះរ៉ឺម៉កម៉ូតូមួយគ្រឿង ទៅញ៉ាំសាច់អាំង ត្រូវជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃពីស្រ្តីជនជាតិបរទេសម្នាក់ បានសម្រេច រួចជិះគេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩នឹង៤០នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចមុខកងរាជអវុធហត្ថលើផ្ទៃប្រទេស តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះមិនបានប្រាប់អត្តសញ្ញាណនោះទេ បានបាត់បង់ទូរស័ព្ទដៃ ម៉ាកអាយហ្វូនអ៊ិច១គ្រឿង។

តាមប្រភពព័ត៌មានពីស្ត្រីខ្មែរម្នាក់ក្នុងចំណោមជនរងគ្រោះទាំង ៤នាក់ បានឲ្យដឹងថា មុនកើតហេតុ រូបគេបានហៅរ៉ឺម៉កម៉ូតូមួយគ្រឿង ជិះចេញពីម្តុំផ្សារ ស៊ីខេ បំណងទៅញ៉ាំសាច់អាំងមួយកន្លែង នៅម្តុំផ្សារទួលគោក បានធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ខាងលើ ស្រាប់លេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូមួយ គ្រឿង ម៉ាកស៊ុយស៊ូគីនីច ពណ៌ក្រហម មិនចាំស្លាកលេខ បានជិះមកពីក្រោយស្របទិសដៅគ្នា ធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃ ជនរងគ្រោះជាស្ត្រី ជនជាតិបរទេសម្នាក់ ក្នុងចំណោម៤នាក់ ដែលអង្គុយ នៅខាងក្រោយចំហៀងខាងស្តាំ កំពុងចុចទូរស័ព្ទលេង បានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងសួរនាំជនរងគ្រោះបានបន្តិច ហើយនាំគ្នាជិះម៉ូតូ ចេញទៅបាត់មិនបាននាំជនរងគ្រោះដាក់ពាក្យបណ្តឹងនោះទេ ធ្វើឲ្យជនរងគ្រោះឲ្យម្ចាស់រ៉ឺម៉កម៉ូតូ ជូនពួកគាត់ត្រឡប់ក្រោយទៅកន្លែងស្នាក់វិញ៕

មតិយោបល់