ព័ត៌មានជាតិ

មន្ត្រីការិយាល័យប្រឆាំងការជួញដូរមនុស្ស ម្នាក់រត់ចេញពីផ្ទះ៦ថ្ងៃ ស្រាប់តែប្រទះឃើញដេកស្លាប់!..

កំពង់ធំ: កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ មានករណីប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ នៅក្រោមម្លុបគុម្ពឬស្សីចម្ការចន្ទី ក្រោយផ្ទះឈ្មោះ សៀប រី ភេទស្រី ភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចបា្យដឹងថា សាកសពមានឈ្មោះ យឹម ដារ៉ា ហៅ វិន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ មន្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សខេត្តកំពង់ធំ នៅភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមការបំភ្លឺពីបងស្រីបង្កើតឈ្មោះ យឹម ថាវីន បញ្ជាក់ថាសាកសពរូបនេះកន្លងមកផឹកស្រាច្រើនរហូតដល់មានជំងឺប៉ះពាល់ដល់សសៃប្រសាទ ហើយកាលពីថ្ងៃទី០៤ ខែឆ្នាំដដែល បានយកចេញពីពេទ្យខេត្តកំពង់ធំ ទៅព្យាបាលនៅផ្ទះគ្រូខ្មែរនៅភូមិឃុំកើតហេតុខាងលើ ហើយក៏បានរត់ចេញពីផ្ទះគ្រូ។ គាត់បានតាមរកដែរតែរកមិនឃើញ រហូតមកដល់ថ្ងៃនេះទើបរកឃើញបានស្លាប់បាត់ទៅហើយ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលស្រុក ខេត្ត បានចូលរួមពិនិត្យ មិនឃើញមានស្លាកស្នាមអ្វីឡើយ។ សន្និដ្ឋានស្លាប់ដោយហត់ហេវគ្មានបាយទឹក។

ចំពោះសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់