ព័ត៌មានជាតិ

មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ កំពុងឈប់ម៉ូតូចាំឆ្លងផ្លូវ ត្រូវបុរសម្នាក់ជិះម៉ូតូបុកនិងដកសោចាក់មុខរងរបួស!..

ភ្នំពេញ: កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខណ:ដែលមានមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ កំពុងឈប់ម៉ូតូចាំឆ្លងផ្លូវ ពេលនោះមានបុរសម្នាក់ជិះម៉ូតូមកបុកពីក្រោយ បណ្ដាលឲ្យរងការខូចខាត។ ស្រាប់តែបុរសម្នាក់នោះ ស្រែកជេរប្រមាថព្រមទាំងដកកូនសោម៉ូតូចាក់មន្ត្រីកងរាជអាវុធហត្ថ បណ្តាលឲ្យរងរបួសលើផ្ទៃមុខជាច្រើនកន្លែង នៅជិតផ្សារសារឿនយ៉ាន្នី តាមបណ្ដោយផ្លូវលេខ២១៧ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បុរសរងគ្រោះឈ្មោះ អៀច ចាន់រឹទ្ធ អាយុ៤៦ឆ្នាំ ស្នាក់នៅក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AC-4985។ ចំណែកបុរសដៃដល់ឈ្មោះ ឈិន វិរ: អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ស៊េរី ឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HB-3722។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ រួចធ្វើការឃាត់ជនបង្កនាំយកទៅសួរនាំនៅប៉ុស្ដិ៍រដ្ឋបាលជើងឯក ព្រមទាំងទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ដើម្បីចាត់ការតាមច្បាប់៕

មតិយោបល់