ព័ត៌មានជាតិ

សង្ស័យតៃកុងងោកមួយភាំង ទើបក្រឡាប់ចាក់ស៊ីម៉ង់ត៍ ចូលក្នុងទឹកប្រឡាយប្រហែល២៨តោន ទាំងព្រលឹម

ភ្នំពេញ: រថយន្តសណ្តោងរ៉ឺម៉កមួយគ្រឿង ដែលដឹកស៊ីម៉ង់ត៍យោកពេញទ្រុងចំនួន២៨តោន បានធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងក្នុងប្រឡាយ បណ្ដាលឲ្យចាក់ស៊ីម៉ង់ត៍ចូលក្នុងទឹក សង្ស័យតៃកុងងោកមួយភាំង តែម្ចាស់រថយន្តអះអាងថា មានរថយន្តផ្សេងបើកមកកៀរ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៤០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវទំនប់កប់ស្រូវ ភូមិស្រែតេជ: សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ។

រថយន្តខាងលើ ម៉ាកហ៊ីណូ ប្រភេទកុងតៃន័រសណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ PSHN-0151 ចង្កូតស្តាំ និងរ៉ឺម៉កក្រោយពាក់ស្លាកលេខ ភ្នំពេញ 4A-1952 ដឹកស៊ីម៉ង់ត៍ចំនួន ២៨តោន បើកបរដោយយុវជនម្នាក់មិនស្គាល់ឈ្មោះ ។

តាមប្រភពពីបុរសថៅកែរថយន្ត បានឲ្យដឹងថា រថយន្តដឹកស៊ីម៉ង់ត៍ខ្លួន បានចេញដំណើរពីក្រុងព្រះសីហនុ ដើម្បីដឹកស៊ីម៉ង់ត៍ទៅដាក់ឲ្យក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ នៅខណ្ឌព្រែកព្នៅ ហើយមុនកើតហេតុ រថយន្តបើកតាមផ្លូវទំនប់កប់ស្រូវ ពីត្បូងទៅជើង លុះបើកមកដល់ចំណុចខាងលើ ស្រាប់តែមានរថយន្តកុងតៃន័រមួយគ្រឿងផ្សេងទៀត បើកកៀរពីខាងស្តាំ ទើបរថយន្តគាត់ ក្រឡាប់ទៅស្តាំចូលទឹកប្រឡាយតែម្ដង។

យ៉ាងណាមិញនេះ ការអះអាងរបស់ភាគីខាងរថយន្តខាងលើ គ្មានពលរដ្ឋណាម្នាក់នៅទីតាំងនោះជឿឡើយ ដោយពួកគេ បានលើកទ្បើងថា វាគ្រាន់តែជាឆ្លើយដោះសារប៉ុណ្ណោះ ព្រោះគេសង្ស័យថា តៃកុងងោកមួយភាំង ទើបបណ្ដាលឲ្យកើតហេតុបែបនេះ ។

ដោយសាររថយន្តខាងលើ មិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ទើបសមត្ថកិច្ចអនុញ្ញាតឲ្យម្ចាស់ថៅកែ រថយន្ត ហៅរថយន្តស្ទូចមកលើកយក រថយន្តទៅជួសជុលដោយខ្លួនឯង ចំណែកស៊ីម៉ង់ត៍ជាង២០តោន ត្រូវបានខូចត្រាំងក្នុងទឹកប្រឡាយ៕

មតិយោបល់