ព័ត៌មានជាតិ

តុលាការពន្យាពេល ប្រកាសទោស បុរសនីហ្ស៊េរីយ៉ា ២នាក់ ដែលដឹកគ្រឿងញៀន ជាង១គីឡូ ទៅពេលក្រោយ

ភ្នំពេញ: មិនដូចអ្វីដែលបានគ្រោងទុកឡើង នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ លោក សេង រិទ្ធី ប្រធានក្រុមប្រឹក្សាចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញ នៅពុំទាន់អាចប្រកាសសាលក្រម ផ្តន្ទាទោស បុរស នីហ្សេរីយ៉ា ដែលពាក់ព័ន្ធសំណុំរឿងគ្រឿងញៀន ជាង ១គីឡូក្រាម នៅឡើយទេ ដោយបានលើកពេលទៅថ្ងៃក្រោយ នេះបើតាមការឲ្យដឹងពី មន្ត្រីពន្ធនាគារព្រៃស។

សូមជម្រាបជូនថា លោក កុល បុន ជាតំណាងអយ្យការសវនាការ បានចោទប្រកាន់លើជនជាប់ចោទទី១ឈ្មោះ Okoro Chukwuka Boniface ភេទប្រុស អាយុ ២៨ឆ្នាំ និងទី២ឈ្មោះ Obiora Doze Frank ភេទប្រុស អាយុ ៣៤ឆ្នាំ ពីបទ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៧៦ ផ្លូវលេខ២៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យោងតាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

នៅក្នុងសវនការ កាលពីរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ ជនជាប់ចោទ ឈ្មោះ Okoro Chukwuka Boniface ទទួលស្គាល់ថា គ្រឿងញៀន ទាំងអស់ជារបស់គេ ដែលបញ្ជាទិញពីប្រទេសកូឡំប៊ី ក្នុងតម្លៃ ១៥,០០០ដុល្លារ។

ចំណែកជនជាប់ចោទឈ្មោះ Obiora Doze Frank ឆ្លើយថា រូបគេអត់ដឹងរឿង គ្រឿងញៀននោះទេ នៅថ្ងៃដែលសមត្ថកិច្ចឃាត់ខ្លួន រូបគេគ្រាន់តែបើករថយន្តជូនមិត្តភក្តិទៅមន្ទីរពេទ្យតែប៉ុណ្ណោះ។

គួររំលឹកថា សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបាន ឃាត់ខ្លួនជនជាប់ចោទខាងលើជាបន្តបន្ទាប់ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។

ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតគ្រឿងញៀនប្រភេទ កាកូអ៊ីន ចំនួន ១,១ គីឡូក្រាម៕

មតិយោបល់