ព័ត៌មានជាតិ

ខ្លាំងណាស់ជនជាតិចិន! ដេញវាយកម្ទេចរថយន្តស្រ្តីខ្មែរម្នាក់ បណ្តាលឲ្យរងរបួស ប្រើសុទ្ទតែដែកគាស់!..

ភ្នំពេញ: នារីដែលជាស្រ្តីខ្មែរម្នាក់ក្នុងចំណោមគ្នា២នាក់ ត្រូវបានបុរសជនជាតិចិនមានគ្នា៣នាក់ ប្រដាប់ដោយដែកគាស់ បើករថយន្តមួយគ្រឿងបិទស្លាកលេខ មកធ្វើសកម្មភាព វាយបណ្តាលឲ្យរងរបួសធ្ងន់និងវាយរថយន្តជនរងគ្រោះខ្ទេច។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចអស់មួយចំហៀងខណ្ឌពោធិ៍សែនជ័យ ប្រដេញតាមចាប់ ផ្អើលតាមផ្លូវ កាលពីវេលាម៉ោង១១និង៥៥នាទីថ្ងៃ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ទីតាំងនៅតាមបណ្តោយ ផ្លូវវេងស្រេង ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្រ្តីដែលជាជនរងគ្រោះខាងលើមានឈ្មោះ ហ.ចា.ន អាយុ២៦ឆ្នាំ ស្នាក់នៅខណ្ឌ៧មករា រងរបួសធ្ងន់ ត្រូវបានបញ្ជូនចូលសង្រ្គោះនៅគ្លីនិកភ្លាមៗ។ ជនរងគ្រោះជិះរថយន្តមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-1659។

ចំណែកជនបង្ក ជាជនជាតិចិនមានគ្នា៣នាក់ ក្នុងនោះមានឈ្មោះ ចូ ហ្វីលីប អាយុ៤២ឆ្នាំ ធ្លាប់មានគុំនុំជាមួយជនរងគ្រោះផងដែរ ។ ទាំង៣នាក់ជិះរថយន្តមួយគ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ស្ករ យកទឹកលុប គូសបិទស្លាកលេខបាត់ដូចមានការគ្រោងទុកមុន។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ស្រ្តីរងគ្រោះបើករថយន្ត រួមដំណើរជាមួយស្រ្តីម្នាក់ទៀតបម្រុងចូលហូបបាយនៅហាងកាហ្វេតេស្ត ហើយគ្រាន់តែជនរងគ្រោះចុះពីលើរថយន្ត ស្រាប់តែក្រុមជនបង្ក ប្រដាប់ដោយដែកគាស់ ចំនួន២ដើម បើករថយន្តកាមរីឆ្លាម ទៅដល់ ធ្វើសកម្មភាពវាយទៅលើស្រ្តីរងគ្រោះ បណ្តាលឲ្យដេកដួលរងរបួសធ្ងន់ ហើយវាយរថយន្តជនរងគ្រោះ បណ្តាលឲ្យបែកកញ្ចក់ខ្ទេចជុំវិញតែម្តង។

ក្រោយពីធ្វើសកម្មភាពរួចក្រុមជនដៃដល់បើករថយន្ត រត់គេចផ្អើលអស់សមត្ថកិច្ច មួយចំហៀងខណ្ឌពោធិ៍សែនជ័យ ចេញអន្តរាគមន៍ ប្រដេញតាមចាប់ជនបង្ក រហូតដល់ផ្លូវសហព័ន្ធរុស្ស៊ីមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ទើបសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន៣នាក់ ដកហូតបានវត្ថុតាង ដែកគាស់២ដើមតែម្តង។

តាមប្រភពផ្សេងមួយទៀតបានឲ្យដឹងថា ករណីខាងលើ ជារឿងគំនុំ ពីមុនមក ស្រ្តីរងគ្រោះត្រូវបាន ថៅកែចិនរោងចក្រ ឈ្មោះចូ ហ្វីលីប គំរាមកំហែងប៉ុនប៉ងចាប់រំលោភ តែមិនបានសម្រេច ត្រូវបានជនរងគ្រោះប្តឹង ហើយថៅកែចិននោះត្រូវបានបញ្ឈប់ពីការងារ លុះរហូតមកដល់ព្រឹកកើតហេតុនេះ គេសង្ស័យ ថៅកែចិនរូបនោះ នាំបក្ខពួកជនជាតិចិនដូចគ្នា សរុប៣នាក់ខាងលើយកដែកគាស់ចំនួន២ដើមមកវាយជនរងគ្រោះដូច្នេះ ទើបរៀបគម្រោង បិទស្លាកលេខរថយន្ត ជាស្រេច មកធ្វើសកម្មភាព វាយជនរងគ្រោះ និងវាយកម្ទេចរថយន្ត ជនរងគ្រោះខ្ទេច ។

តែទោះជាយ៉ាងណាក្តី ក្រោយពីសកម្មភាពហឹង្សាខាងលើ ជនដៃដល់ត្រូវបានចាប់ខ្លួន រួមជាមួយវត្ថុតាង នាំទៅសាកសួរនៅផ្នែកជំនាញ ។ ចំណែក ស្រ្តីរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះមន្ទីពេទ្យ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តធ្វើការសាកសួរជនដៃដល់ និងចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់