ព័ត៌មានជាតិ

រន្ធត់ហួសថ្លែង! បុរសម្នាក់ជិះម៉ូតូទៅបុកនឹងរថយន្តកុងតឺន័រក្រុមហ៊ុន PREMIUM ធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ: យុវជនម្នាក់ជិះម៉ូតូមួយគ្រឿងបោះពួយយ៉ាងលឿនមិនប្រយ័ត្ន រួចក៏ជ្រុលទៅបុករថយន្តកុងតឺន័រដែលកំពុងបើកឆ្លងផ្លូវបណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់បាត់បង់ជីវិត។

ហេតុការណ៍ដ៏រន្ធត់នេះបង្កឲ្យមានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចខាងក្រោមស្ពានអាកាសផ្សារដីហ៊ុយ តាមបណ្តោយផ្លូវណតប្រ៊ីត កែងនិងផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

រថយន្តបង្កម៉ាក NISSAN DIESEL ពណ៌បៃតង់ ជាប្រភេទរថយន្តកុងតឺន័ររបស់ក្រុមហ៊ុនPREMIUM ពាក់ស្លាកលេខ ភ្នំពេញ 3D-4630 ដែលបើកបរដោយបុរសម្នាក់ឈ្មោះ ញឹល ប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅការ៉ាសឡានម្តុំផ្សារទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិក្បាលដំរី ឃុំទឹកល្អក់ ស្រុកកង់ពិសី ខេត្តកំពង់ស្ពឺ។ ចំណែកឯម៉ូតូរងគ្រោះម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រចេះ1D-2766 ដែលបើកបរដោយបុរសរងគ្រោះដែលស្លាប់បាត់បង់ជីវិតខាងលើតែនៅមិនទាន់ស្គាលអត្តសញ្ញាណនៅឡើយនោះទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កខាងលើបានបើកបរតាមបណ្តោយផ្លូវណតប្រ៊ីត ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុក៏បានបើកឆ្លងកាត់ផ្លូវសហព័ន្ធរុស្ស៊ីឆ្ពោះទៅផ្លូវហាណូយ។ ហើយខណ:ពេលដែលបើកឆ្លងជិតផុតហើយក៏ស្រាប់តែមានម៉ូតូរងគ្រោះខាងលើបានបើកមកតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច និងក្នុងល្បឿនយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្ន រួចក៏ជ្រុលទៅបុករថយន្តកុងតឺន័រចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូដួលចូលក្រោមកង់រថយន្តកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធម័។ រីឯម៉ូតូរងការខូចខាតបែកក្បាំងខាងឆ្វេង។ ភ្លាមៗនេះរថយន្តបង្កបានបើកបន្តដំណើរទៅមុខប្រហែល២០ម៉ែត្រ ទើបព្រមឈប់ហើយអ្នកបើកបររថយន្តបានបើកទ្វាររថយន្តរត់គេចខ្លួនតែក៏ត្រូវសមត្ថកិច្ចចរាចរណ៍ដែលប្រចាំការនៅគោលដៅខាងនោះដេញចាប់ឃាត់ខ្លួនបាន។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែងយកម៉ូតូនិងរថយន្តរួមទាំងអ្នកបើកបររថយន្តទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ដោយឡែកសពបុរសរងគ្រោះត្រូវបានរថយន្តដឹកសពដឹកយកទៅតម្កល់នៅវត្តទឹកថ្លាដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

មតិយោបល់