ព័ត៌មានជាតិ

ផ្អើលទាំងយប់ រថយន្ត Highlander ស្លាកលេខខេមរភូមិន្ទ ពន្លះរថយន្ត Fortuner លាន់ឮដូចរន្ទះ

កណ្ដាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តពីរគ្រឿងប៉ះទង្គិចគ្នាលាន់ឮដូចរន្ទះ បណ្ដាលឲ្យ​ខូចខាត រថយន្តទាំងសងខាង និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកដំណើរចោមរោមមើល។

ហេតុការណ៍​នេះ បានកើតមានឡើងនៅវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា​ ឆ្នាំ២០១៨នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចផ្លូវបំបែកជាបួន ស្តុបជិតវត្តក្រពើហា ស្ថិតក្នុងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ​ ខេត្តកណ្ដាល។

តាមសមត្ថកិច្ច បានឲ្យដឹងថា រថយន្ត Fortuner ពាក់ស្លាកលេខកណ្ដាល 2A-6566 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ពីកើតទៅលិច លុះមកដល់ចំណុចផ្លូវបំបែកជាបួន ស្តុបវត្តក្រពើហា​ ស្រាប់តែមានរថយន្ត Highlander មួយគ្រឿងទៀត ពណ៍ត្រេអ៊ី ពាក់ស្លាកលេខ​ខេមរភូមិន្ទ​ 2-3342 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលមកបុករថយន្ត Fortuner ពេញទំហឹងតែម្ដង តែសំណាងល្អ មិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។

ភ្លាមៗផងដែរ សមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ ដោយឲ្យភាគីរថយន្តទាំងសងខាង ធ្វើការសម្របសម្រួលគ្នាសិន ក្នុងករណីសម្រួលគ្នាមិនត្រូវ សមត្ថកិច្ចជំនាញ នឹងធ្វើការវាស់វែងរថយន្តទាំងពីរគ្រឿង រួចយកទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់