ព័ត៌មានជាតិ

សមត្ថកិច្ចចុះបិទទីតាំងផលិតស្រា ក្រោយសង្ស័យថាមានសារធាតុពុល នៅស្រុកស្នួល!..

ក្រចេះ: កម្លាំងនគរបាលប្រឆាំបទល្មើសសេដ្ឋកិច្ច ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី គង់ វណ្ណរឹទ្ឋ ស្នងការរងនគរបាលខេត្ត និងលោកជា សុភក្រ្ត ព្រះរាជអាជ្ញាររង បានចុះពិនិត្យលើទីតាំងផលិតស្រាសមួយចំនួនក្នុងខេត្ត ក្រោយសង្ស័យថាការផលិតធ្វើឡើងមិនប្រក្រតី មានសារធាតុពុល។ ក្នុងសកម្មភាពការចុះពិនិត្យដែលបានធ្វើឡើងមានរយ:ពេល២ថ្ងៃជាប់ៗគ្នានេះទី១៤-១៥ ខែកក្កដា កម្លាំងនគរបាល បានសម្រេចបិទទីតាំងផលិតស្រាចំនួន៣ទីតាំងធំៗ ដែលជាទីតាំងផលិត និងចែកចាយ មាននៅក្នុងស្រុកសំបូរ ក្រុងក្រចេះ និងស្រុកស្នួល។ ជាមួយគ្នានោះក៏មានស្រាស និងស្រាថ្នាំ ចំនួនរាប់រយលីត្រ ដែលច្រកក្នុងប៊ីដុង និងដាក់លក់តាមតៀមស្រានានា ក៏ត្រូវបានរឹបអូស និងផ្អាកការធ្វើអាជីវកម្មបណ្តោះអាសន្ន។ ស្នងការរងទទួលបន្ទុកប្រឆាំងបទល្មើស លោកឧត្តមសេនីយ៍ត្រី គង់ វណ្ណរឹទ្ឋ បានបញ្ជាក់ប្រាប់ថា សកម្មភាពការចុះពិនិត្យនិងផ្អាកការធ្វើអាជីវកម្មផលិតស្រាបណ្តោះអាសន្ន បានធ្វើឡើងតាមការណែនាំពីសំណាក់លោកឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគរបាលខេត្ត ក្រោយពីមានការផ្ទុះបាតុភាពពុលមួយនៅភូមិស្នួលវត្តកើត ឃុំស្នួល ស្រុកស្នួល កាលពីយប់ថ្ងៃទី១២ កក្កដា ។ ដោយបាតុភាពពុលនោះបានបង្កឲ្យមានអ្នកភូមិ២នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងអការ:ពុល ហើយត្រូវបញ្ជូនមកសង្រ្គោះ។

ការពុលនេះដែរ ក៏ត្រូវអាជ្ញាធរសន្និដ្ឋានថា ផ្តើមចេញពីពុលស្រា នៅពេលដែលពួកគាត់បាននាំគ្នាហូបស្រាស ពេលកំដរបុណ្យសពក្នុងភូមិ៕

មតិយោបល់