ព័ត៌មានជាតិ

បុរសចិនម្នាក់ចូលហាងម៉ាស្សាបែបបុរាណខ្មែរ បាត់លុយអស់១១០០ដុល្លារ ផ្អើលសមត្ថកិច្ចឃាត់ខ្លួនមនុស្ស៣នាក់

ភ្នំពេញ: បុរសជាជនជាតិចិនម្នាក់ បានចូលទៅម៉ាស្សាក្នុងហាង ម៉ាស្សាបែបបុរាណខ្មែរ ស្ថិតនៅ ផ្ទះលេខ ៩៥Eo ផ្លូវ លេខ១១៣ កែងនិងផ្លូវលេខ២៨៨ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចម្ការមន ហើយបានបាត់លុយចំនួន១១០០ដុល្លារ ក្នុងហាងម៉ាស្សានោះ ទើបជនរងគ្រោះសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ដោះស្រាយឲ្យ កាលពីវេលាម៉ោង៩និង១០នាទី យប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ។

តាមសម្ដីជនរងគ្រោះជាជនជាតិចិនបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានទៅដកលុយនៅធនាគារ ANZ Royal ចំនួន១១០០ដុល្លារ ចូលមកម៉ាស្សានៅទីតាំងកើតហេតុខាងលើ រួចហើយបានចេញមកវិញ ដោយបានឆែកមើលក្នុងកាបូប ស្រាប់តែបាត់លុយចំនួន១១០០ដុល្លារ។ ភ្លាម ៗនោះរូបគាត់ក៏បានចូលទៅទាមទារលុយរបស់គាត់ដែល បាត់ក្នុងហាងនោះវិញ ស្រាប់តែម្ចាស់ហាងប្រកែកថាមិនបានយក និងស្របពេលបុគ្គលិកដែលម៉ាស្សាឲ្យជនរងគ្រោះផ្ទាល់បានគេចខ្លួនបាត់ទៅហើយ ។

បើតាមសម្ដីបុរសម្នាក់ដែលជាម្ចាស់ហាងម៉ាស្សាខាងលើបានប្រាប់ឲ្យដឹងថា រូបគាត់មិនដឹងបុគ្គលិករបស់គាត់យកលុយភ្ញៀវនោះទេ តែរូបគាត់បានព្រមឲ្យលុយទៅជនរងគ្រោះចំនួន៥០០ដុល្លារ វិញ ព្រោះថាអាណិតជនរងគ្រោះគ្មានលុយជិះយន្តហោះទៅស្រុកកំណើតវិញ តែជនរងគ្រោះមិនព្រមទទួលយក ដោយចង់បានលុយដែលបាត់ឲ្យបានគ្រប់ចំនួន ។

ដោយជនរងគ្រោះមិនសុខចិត្ត ក៏សុំឲ្យសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ ។ បន្ទាប់មកសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយនាំខ្លួនជនរងគ្រោះ និងម្ចាស់ហាងម៉ាស្សាខាងលើចំនួន៣នាក់ ប្រុសម្នាក់និងស្រី២នាក់ យកមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ ដើម្បីសួរនាំរឿងហេតុនោះ ។ ចុងក្រោយ ម្ចាស់ហាងម៉ាស្សាខាងលើបានប្រគល់លុយគ្រប់ចំនួន១១០០ដុល្លារដែលជនរងគ្រោះបាត់ឲ្យទៅម្ចាស់ដើមវិញ ។

ក្រោយមក សមត្ថកិច្ចបានឲ្យជនរងគ្រោះត្រឡប់ទៅវិញ តែម្ចាស់ហាងម៉ាស្សាខាងលើចំនួន៣នាក់ មានស្រី២នាក់ ប្រុសម្នាក់ ត្រូវបានជាប់ពាក់ព័ន្ធក្នុងករណីលួចមានទម្ងន់ទោស ដោយសមគំនិតទើបសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕

មតិយោបល់