ព័ត៌មានជាតិ

រថយន្ដធុនធំ(មិនចាំស្លាកលេខ) បុកបុរសម្នាក់ស្លាប់យ៉ាងរន្ធត់នៅផ្លូវជាតិលេខ១ រួចរត់បាត់

ភ្នំពេញ: បុរសម្នាក់បានដេកស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ខណ:ពេលដែលកំពុងដើរឆ្លងផ្លូវ ត្រូវរថយន្ដកុងតឺន័រមួយគ្រឿង បើកបុក ហើយបន្ថែម​ល្បឿនបើករត់គេចបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចមុខផ្ទះលក់សំបកកង់រថយន្តមួយកន្លែង តាមកំណាត់ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះ​(សព)ឈ្មោះ ហ៊ុន ស្រស់ ភេទប្រុស​ អាយុ៣៩ឆ្នាំ មុខរបរធ្វើសន្តិសុខយាមនៅអគ្គិសនីច្បារអំពៅ ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើតនៅភូមិឃ្នួង ឃុំខ្នារឃ្នួង ស្រុករំដួល ខេត្តស្វាយរៀង។

ប្រភពព័ត៌មានពីអ្នកភូមិនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះដើរតាមផ្លូវម្នាក់ឯង លុះដល់វេលាកើតហេតុខាងលើ មិនដឹងថាជនរងគ្រោះមានបំណងដើរទៅណាទេ ក៏បានដើរឆ្លងផ្លូវ ដោយមិនបានប្រុងប្រយ័ត្ន ហើយណាមួយផ្លូវមានសភាពងងឹងខ្លាំងផង ស្រាប់តែមានរថយន្ដកុងតឺន័រធុនធំមួយគ្រឿង ដែលប្រជាពលរដ្ឋអះអាងថាជារថយន្តកុងតឺន័រ (តែមិនចាំស្លាកលេខទេ) ដែលធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ទៅបុកចំជនរងគ្រោះខ្ទាតផ្លោងបោកទៅលើថ្នល់ ​បែកក្បាលស្លាប់ក្នុងថ្លុកឈាមនៅកន្លែងកើតហេតុតែម្ដង។ ក្រោយពីបង្កហេតុភ្លាម រថយន្ដបង្កបានបន្ថែមល្បឿនបើកគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។

សមត្ថកិច្ចបានបន្ថែមឲ្យដឹងថា​ នៅលើខ្លួនជនរងគ្រោះ សមត្ថកិច្ចនិងប្រជាពលរដ្ឋ ឃើញ​មានទូរសព្ទមួយគ្រឿង ដែលជាការងាយស្រួលក្នុងការទាក់ទងស្វែងរកសាច់ញាតិ ។ ក្រោយមកបានយកទូរសព្ទរបស់ជនរងគ្រោះ មករកលេខទាក់ទងទៅរកសាច់ញាតិបានហើយ រួចរៀបរាប់ប្រាប់ពីដំណើររឿង ទើបសាច់ញាតិជនរងគ្រោះ ធ្វើដំណើរចេញមក កន្លែងកើតហេតុ។

បច្ចុប្បន្ន​ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ រួចឲ្យរថយន្តដឹកសពរៀបចំទុកលើរថយន្តដឹកសពបណ្ដោះអាសន្នសិន ដោយរង់ចាំសាច់ញាតិជនរងគ្រោះមកដល់កន្លែងកើត ដើម្បីធ្វើរបាយការណ៍ប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់