ព័ត៌មានជាតិ

កូនទុរយស ខឹងឪពុកប្រដៅ ដាល់បែកមាត់ ថែមទាំងដេញកាប់ឪពុកមារ ដែលចូលទៅឃាត់ទៀត!

កណ្តាល: មានករណីករណីហិង្សាក្នុងគ្រួសារនិងធ្វើឲ្យខូចខាតដោយចេតនាមួយបានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះចំនួន២នាក់
១- ឈ្មោះនួន នឿន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (ត្រូវជាឪពុក) មានស្នាមហើមមាត់ចំនួន០១កន្លែង។
២- ឈ្មោះអ៊ុត វង្ស ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់៣ (ត្រូវជាមារបង្កើតជនសង្ស័យ)។
អ្នកទាំងពីរមានទីលំនៅៗភូមិកើតហេតុខាងលើ។

ជនសង្ស័យឈ្មោះ នឿន លីណា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកើតហេតុខាងលើ ។

មុនពេលកើតហេតុ ឈ្មោះ នឿន លីណា មានសភាពស្រវឹងស្រា ហើយមកដល់ផ្ទះវិញ ឪពុកបាននិយាយណែនាំអំពីការដើរផឹកស៊ីភ្លេចការងារផ្ទះ ភ្លាមនោះ ឈ្មោះ លីណា ខឹងឪពុកឈ្មោះស្ដីបន្ទោសឲ្យខ្លួន ក៏រុញច្រានឪពុក ភ្លាមនោះឈ្មោះនឿន ជាឪពុក ក៏បានទះមុខ ឈ្មោះលីណា ចំនួនមួយដៃ ស្រាប់តែឈ្មោះលីណា ក៏ស្ទុះធាក់ និងដាល់ឈ្មោះឪពុក តបវិញបណ្ដាលឲ្យហើមមាត់ ស្រប ពេលនោះឈ្មោះអ៊ុត វង្ស បើករ៉ឺម៉កដឹកភ្ញៀវមកដល់ឃើញ ក៏ឈប់ហើយចុះជួយឃាត់ ស្រាប់តែឈ្មោះ លីណា ស្ទុះទៅយកកាំបិត និងពូថៅដេញកាប់ឈ្មោះវង្ស ប៉ុន្តែឈ្មោះវង្សរត់រួច កាប់មិនបានទេ ហើយក៏បែរមកកាប់ រ៉ឺម៉កកង់បី និងកាប់ម៉ូតូតែម្តង ខូចខាតអស់មួយចំនួនធំ ។

ពេលទទួលបានព័ត៍មាននេះភ្លាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍តាលន់ បានចុះអន្ដរាគមន៍ដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនឈ្មោះលីណា មកប៉ុស្ដិ៍សាកសួរ ឃាត់ខ្លួននៅអធិការដ្ឋាននគបាលស្រុកស្អាងដើម្បីបន្ដអនុវត្តតាមនីតិវីធីច្បាប់បន្តទៀត៕

មតិយោបល់