ព័ត៌មានជាតិ

ចាប់រំលោភសូម្បីតែក្មេងមានសតិមិនសូវគ្រប់ ចុងក្រោយជាប់ខ្នោះរបស់ប៉ូលិស!

កណ្តាល: កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ មានករណីរំលោភសេពសន្ថវ: នៅភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។
ជនរងគ្រោះមានសតិមិនគ្រប់ អាយុ១៥ឆ្នាំ។ ជនសង្ស័យឈ្មោះ ជន់ ខួច ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។

នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ម្តាយជនរងគ្រោះបានដើរទៅទិញសាប៊ូនៅផ្ទះទាមរបស់ឈ្មោះរ៉ាន់ ភេទស្រី ក្នុងភូមិជាមួយ ចំណែកជនរងគ្រោះដែលជាកូននៅផ្ទះតែម្នាក់ឯង រីឯប្តីមិនទាន់មកពីធ្វើការសំណង់ទេ ក្រោយពីទិញរួចមួយសន្ទុះបានត្រឡប់មកដល់ផ្ទះវិញ ឃើញជនរងគ្រោះជាកូនបានដើរចេញពីបន្ទប់ក្នុងផ្ទះរបស់ខ្លួនហើយលើកខោរបស់ខ្លួនដែលនៅត្រឹមភ្លៅមកត្រឹមចង្កេះ រួចមកអង្គុយនៅលើគ្រែសំយាកមុខផ្ទះ បន្ទាប់មកក៏ឃើញជនសង្ស័យឈ្មោះជន់ ខួចដើរចេញពីបន្ទប់ក្នុងផ្ទះនោះដែរ ដោយដើរបិទឡេវខោ ពុំរូតខោទេ។ ភ្លាមនោះម្តាយជនរងគ្រោះមានការសង្ស័យក៏ឃាត់ឲ្យជនសង្ស័យនៅអង្គុយលើគ្រែសំយាកមុខផ្ទះជាមួយគ្នា ហើយម្តាយជនរងគ្រោះបានសួរទៅជនរងគ្រោះដែលជាកូនថា«តើង៉ែងចូលក្នុងបន្ទប់ វាបានធ្វើអីង៉ែងខ្លះ»? ជនរងគ្រោះក៏ឆ្លើយប្រាប់ថា វាចាប់រំលោភ។

បន្ទាប់មកម្តាយជនរងគ្រោះបានឃាត់ជនសង្ស័យទុករង់ចាំប្តីមកវិញចាំទៅប្តឹងសមត្ថកិច្ច លុះដល់វេលាម៉ោងប្រហែល៥ជាងល្ងាចទើបប្តី(ឪពុកចុងជនរងគ្រោះ)មកផ្ទះវិញ ទើបបាននាំគ្នាយកជនសង្ស័យឈ្មោះជន់ ខួចមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំបាត នឹងបានដាក់ពាក្យបណ្តឹងចូលប៉ុស្តិ៍ដោយប្ដឹងចោទប្រកាន់ទៅលើជនសង្ស័យខាងលើពីបទរំលោភសេពសន្ថវ:កូនស្រីរបស់គាត់។

បន្ទាប់មកកម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងជំនាញនគរបាលយុត្តិធម៌ឃាត់ខ្លួនជនសង្ស័យរួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់