ព័ត៌មានជាតិ

ជនជាតិចិន២នាក់ បើករថយន្តRAV-4 ពន្លះក្បាលនាគចែកទ្រូងផ្លូវទាំងព្រឹកព្រលឹមនៅខណ្ឌ៧មករា

ភ្នំពេញ: ជនជាតិចិន២នាក់បើករថយន្តម៉ាក RAV-4 មួយគ្រឿងក្នុងល្បឿនលឿនពេកក៏ជ្រុលចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតទ្រូងផ្លូវ។ រីឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះសីហនុ កែងផ្លូវ ១៤៣ សង្កាត់ វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស២នាក់ ជាជនជាតិចិន បើករថយន្តម៉ាកRAV-4 មួយគ្រឿងពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z-5064 បើកតាមបណ្តោយផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនពេក ក៏រ៉េចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវបណ្តាលឲ្យបែកទ្រូងផ្លូវ។ រីឯរថយន្តវិញរងការខូចខាតផ្នែកខាងមុខរថយន្តយ៉ាងដំណំ បែកធុងទឹកនិងហូរប្រេងម៉ាស៊ីនពេកផ្លូវហើយជនជាតិចិន២នាក់នោះមិនបានដាក់ខ្សែរក្រវ៉ាត់ការពារសុវត្ថិភាពក៏បានបុកក្បាលជាមួយកញ្ចក់រថយន្តទាំង២នាក់រងរបួសបែកក្បាលត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញក៏បានវាស់វែងនឹងស្ទូចយករថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំភាគីម្ចាស់រថយន្តមកដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់