ព័ត៌មានជាតិ

ចាប់បានហើយ! ឃាតកដៃឆៅ កាប់ប្រពន្ធស្ទើរស្លាប់ រួចគេចខ្លួនទៅខេត្តបាត់ដំបង!..

ភ្នំពេញ: បុរសម្នាក់ដែលកាប់ជាច្រើនកាំបិតផ្គាក់ព្រោះតែភ្លើងប្រចណ្ឌ បណ្ដាលឲ្យប្រពន្ធរងរបួសធ្ងន់ស្ទើរតែស្លាប់ រួចបានរត់គេចខ្លួនបាត់ស្រមោលនោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរ:សេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ ក្រោមការបញ្ជារបស់លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងនគរបាលនៃស្នងការដ្ឋានខេត្តបាត់ដំបង បានធ្វើការចាប់ខ្លួនបានកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅកន្លែងដែលជននេះលាក់ខ្លួន ស្ថិតនៅក្នុងភូមិបួនជួរ ឃុំឃុំបឹងប្រិយ៍ ស្រុកបាណន់ ខេត្តបាត់ដំបង។

នគរបាលបានប្រាប់ឲ្យដឹងថា ជនសង្ស័យខាងលើនោះឈ្មោះហ៊ន រិទ្ធី អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅក្នុងភូមិព្រៃបឹង ឃុំវាលពន់ ស្រុកង្ពង ខេត្តកំពង់ស្ពឺ។ បានកាប់របស់ខ្លួនប្រពន្ធឈ្មោះ ត្រេន ពៅ អាយុ៣៣ឆ្នាំ មុខរបរ ជាកម្មការិនីរោងចក្រកាត់ដេរហែនសាំ ស្នាក់បន្ទប់ជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពដដែលបានបន្តទៀតថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ផ្ទះជួលនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ដោយបុរសជាប្ដីបានប្រចណ្ឌប្រពន្ធរបស់ខ្លួនជាមួយប្រុសផ្សេងហើយបានតាមរករឿងនាងជាប្រពន្ធជាបន្តបន្ទាប់។ ដោយនៅមុនពេលកើតហេតុវេលាល្ងាចថ្ងៃទី៧ ខែកក្កដា បុរសជាប្ដីបានចោទថានាងក្បត់ចិត្តទៅមានប្រុសថ្មី ហើយពេលនោះនាងបានបដិសេធថាអត់មានទេ ស្រាប់តែប្ដីបានយកដែកឆាបចុងស្រួចគំរាមចាក់សម្លាប់នាង ប៉ុន្តែមិនហ៊ានរួចក៏បានស្ងប់ស្ងាត់ទៅវិញ។

ប្រភពខាងលើបានបន្តទៀតថា លុះដល់ថ្ងៃកើតហេតុប្ដីបានរករឿងនិងចោទនាងថាមានប្រុសថ្មីបន្តទៀតចំណែក នាងដែលមិនបានក្បត់ចិត្តប្ដីផងត្រូវទទួលរងការចោទប្រកាន់ទាំងអយុត្តិធម៌បែបនេះ ក៏បានប្រកែកថាអត់ដដែល។ខណ:នោះប្ដីនៅតែមិនជឿឡើយ ហើយក៏បានទាញកាំបិតផ្គាក់កាប់រូបនាងជាច្រើនកាំបិតប៉ងសម្លាប់រួចហើយបានគេចខ្លួនបាត់តែម្ដង។

បន្ទាប់មកនាងត្រូវបានអ្នកជិតខាងនាំទៅសង្គ្រោះបន្ទាន់ ចំណែកកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរ:សេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ ក្រោមបញ្ជារបស់លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើការស្រាវជ្រាវរហូតមកដល់ថ្ងៃទី១៩ ខែកក្កដា គឺរយ:ពេល១១ថ្ងៃក្រោយពេលកើតហេតុទើបចុះទៅសហការជាមួយ នគរបាលនៃស្នងការដ្ឋានខេត្តបាត់ដំបងធ្វើការចាប់ខ្លួនតែម្ដង៕

មតិយោបល់