ព័ត៌មានជាតិ

អាយុទើប១៥ឆ្នាំសោះ! ជិះម៉ូតូលឿនដូចហោះ ទៅបុករថយន្តឡិចស៊ីស ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់!..

កំពង់ចាម: កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យយុវជនម្នាក់បានស្លាប់ ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់ នៅផ្លូវបំបែកខាងលិចមហោស្រព លើវិថីត្រសក់ផ្អែមនិង វិថីខេមរភូមិន្ទ ភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

រថយន្តម៉ាកឡិចស៊ីស ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ2AT-0417 អ្នកបើកបរដោយឈ្មោះ ប៊ូ ទុំ ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម បើកបរពីត្បូងទៅជើង ត្រូវម៉ូតូម៉ាក ហុងដា សេ១១០ ពណ៌ខ្មៅ ស្លាកលេខ កំពង់ចាម1Q-3752បុកពេញទំហឹង ជិះដោយឈ្មោះ វ៉េត វៃ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយបើកពីកើតទៅលិច (បណ្តាលឲ្យស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ) និងអ្នករួមដោះណើរឈ្មោះ សឿន ឧត្តម ហៅ ម៉ៅ ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម រងរបួសធ្ងន់តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកម៉ូតូនិងរថយន្ត មករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនិតិវិធី។ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់