ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណី​គប់កញ្ចក់រថយន្តលួចយកសម្ភារៈ!..

បាត់ដំបង: ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌ នៅថ្ងៃសុក្រ ៨ កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១២និង៣០នាទី នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យឿង ម៉ៅ ភេទប្រុស អាយុ១៧ឆ្នាំមានទីលំនៅមិនពិតប្រាកដ។

ក្រោយពីក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានសួរចម្លើយបឋមរួចមកវេលាម៉ោង ១៣:០០នាទីនៅចំណុចដដែល ក៏ឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ បឿ បារាំង ហៅជ្រូក ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ យឿង ម៉ៅ បានឆ្លើយសារភាពថា នៅថ្ងៃទី២០ កក្កដា ២០១៨ វេលាម៉ោងប្រហែល២និង៣០នាទីរំលងអធ្រាត្រ ខ្លួននឹងបក្ខពួកឈ្មោះជ្រូក បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើកញ្ចក់រថយន្តមួយគ្រឿង ម៉ាកនីសាន់ម៉ាច ដែលទុកចោលនៅមុខផ្ទះ ស្ថិតក្នុងភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយខ្លួនបានយកដៃខាងស្តាំលូកចូលរថយន្តលួចយកកាបូប ហើយនាំគ្នារត់ចូលក្នុងរ៉ារថភ្លើង ក្រោយមកក៏បានឆែកមើល ឃើញមានកាត ATMចំនួន ០៧សន្លឹក , លិខិតឆ្លងដែនចំនួន ០៣សន្លឹក , អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរចំនួន ១១សន្លឹក ។

ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ បឿ បារាំង ហៅជ្រូក ខ្លួនបានឆ្លើយសារភាពថា កាលពីថ្ងៃទី ១៨ កក្កដា ២០១៨ វេលាម៉ោងប្រហែល ២នាទីរំលងអធ្រាត្រ ខ្លួនបានយកដុំថ្មមួយដុំវាយទៅលើកញ្ចក់រថយន្តខាងមុខបណ្តាលឲ្យបែករួចបានធ្វើសកម្មភាពលួចយកសម្ភារ:ក្នុងរថយន្តបានប្រាក់ ដុល្លារចំនួន ៥០០ដុល្លារ , ប្រាក់ខ្មែរ ចំនួន ១៥០,០០០រៀល ហើយក៏បានរត់គេចខ្លួន។

បច្ចុប្បន្នក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានប្រគល់ជនសង្ស័យរួមទាំងវត្ថុតាង ឲ្យទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់