ព័ត៌មានជាតិ

ជិះ​ម៉ូតូ​ចេញ​ពី​ខារ៉ាអូខេ​ ត្រូវក្រុមចោរវាយ​ប្លន់​យក​ម៉ូតូ​បាន​សម្រេចក្នុងខណ្ឌទួលគោក

ភ្នំពេញ: បុរស​២​នាក់​ជិះ​ម៉ូតូ​ឌ្រីម​ស៊េរី០១៨ មួយ​គ្រឿង​ចេញ​ពី​ខារ៉ាអូខេ​ហើយ​បំណង​ទៅ​ផឹក​បន្ត​នៅ​កោះពេជ្រ​ តែ​ខណ:​មក​តាម​ផ្លូវ​ក៏​ត្រូវ​ក្រុម​ចោរ​មួយ​ក្រុម​ជិះដេញតាមនិងសកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​បណ្តាល​ឲ្យ​ជន​រងគ្រោះ​រង​របួស​បែក​ក្បាល​។

ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលាម៉ោង​៣និង៣០នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០១៨ ​ត្រង់​ចំណុច​ក្បែរអតីតរង្វង់​មូល​ទួល​គោក​ តាមបណ្ដោយ​ផ្លូវ​៦០៨​ ស្ថិត​ក្នុង​សង្កាត់​បឹងកក់​ទី​២​ ខណ្ឌ​ទួល​គោក រាជធានីភ្នំពេញ​។

ជនរងគ្រោះ​ជាម្ចាស់​ម៉ូតូ​មាន​ឈ្មោះ​ ធឿន​ ប៊ុនធុល​ ភេទ​ប្រុស​ អាយុ​២៣ឆ្នាំ​ ជាជាងជួសជុលរថយន្ត​ ស្នាក់នៅ​ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​។ ទី២ ជាអ្នកអង្គុយពីក្រោយមានឈ្មោះ​ ផុន​ ណារ៉ូ​ ភេទ​ប្រុស អាយុ​២៥ឆ្នាំ​ ជា​កម្មករ​រោង​ចក្រ​ ស្នាក់នៅ​សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រងគ្រោះ​ទាំង២នាក់​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ ​មុន​ពេលកើតហេតុ ​ជនរងគ្រោះ​បាន​ទើប​តែ​ចេញ​មក​ពី​ច្រៀង​ខារ៉ាអូខេ​នៅ​ម្ដុំ​ភ្នំពេញ​ថ្មី​ ហើយ​បំណង​ទៅ​ផឹក​ជា​មួយ​និង​សង្សារ​បន្ត​ទៀត​នៅម្តុំ​កោះពេជ្រ​។ ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ហុង​ដា​ឌ្រីម​ ស៊េរី​០១៨​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កំពង់ចាម​ 1F-4596 តាមបណ្ដោយ​ផ្លូវ​៦០៨ ក្នុងទិសដៅ​ចុះមកពី​ទំនប់​ត្រឡោក​បែក​ឆ្ពោះ​ទៅ​អតីត​រង្វង់​ទួលគោក​។ មកដល់​ចំណុច​កើត​ហេតុ​ស្រាប់តែ​លេច​មុខ​ជន​សង្ស័យ​មួយ​ក្រុម​ប្រដាប់​ដោយ​ខ្សែ​ក្រវ៉ាត់​ជិះ​ម៉ូតូ​៥ ទៅ៦​គ្រឿង​ មកតាមពីក្រោយ​ហើយ​ក៏​បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​ទៅ​លើ​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ចំ​សៀត​ផ្កា​ខាង​ឆ្វេង​បណ្តាល​បែកឈាម​ ហើយ​ក៏​ដួល​ម៉ូតូ​។ ភ្លាម​ៗ​នោះ​ដោយ​ក្រុម​ជន​សង្ស័យ​ឃើញ​ឪកាស​ល្អ​ក៏​លើក​ម៉ូតូ​របស់​ជន​រងគ្រោះ​ជិះ​រត់​គេច​ខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព​ ភ្លាម​នោះ​ដែល​ជនរងគ្រោះ​ក៏​បាន​ស្រែក​ចោរៗឲ្យ​គេ​ឯង​ដែល​នៅ​ក្បែរ​នោះ​តែ​គ្មាននរណាម្នាក់​ជួយ​នោះ​ទេ​។

ក្រោយ​ពេល​កើត​ហេតុ​ជន​រងគ្រោះ​បាន​ត្រឹម​តែ​កាន់​កាត​គ្រី​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​បឹង​កក់​ទី​២ដោយក្តី​សោកស្ដាយ​តែ​ប៉ុណ្ណោះ​៕

មតិយោបល់