ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនតៃកុងរថយន្តកុងតឺន័ររបស់ក្រុមហ៊ុន ម៉ីងលាំង ទៅតុលាការ ពាក់ពន្ធ័នឹងការបង្កគ្រោះថ្នាក់ចរាចរណ៍!..

ព្រះសីហនុ: នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ សមត្ថកិច្ចចរាចរណ៍ខេត្តព្រះសីហនុ បានបញ្ជូនជនសង្សយ័អ្នកបើករថយន្តកុងតឺន័រ២នាក់ ទៅសាលាដំបូងខេត្តតាមនិតិវិធីច្បាប់ ពាក់ពន្ធ័នឹងការបង្កគ្រោះថ្នាក់ចរាចរណ៍២ករណីខុសៗគ្នា នៅម្តុំចំណោតរ៉ា ក្នុងក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ដែលបណ្តាលឲ្យរថយន្តនិងម៉ូតូមួយចំនួនរងការខូចខាត។

ជនសង្សយ័ទី១ ឈ្មោះ ទុយ វិចិត្រ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅ ភូមិអូរចន្ទី ឃុំព្រៃស្លឹក ស្រុកទាំង ខេត្តតាកែវ បើកបរ រថយន្តកុងតឺន័រ ពាក់ស្លាកលេខ ព្រះសីហនុ 3A- 0549 (បង្កហេតុលើកទី១) បុកប៉ះខូចខាតរថយន្តតូច២គ្រឿងនិងម៉ូតូមួយគ្រឿង។

និងជនសង្សយ័ទី២ បើករថយន្តកុងតឺន័រ ពាក់ស្លាកលេខ ព្រះសីហនុ 3A- 1074 ឈ្មោះ អៀម ណាក់ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅ ភូមិព្រៃរុន ឃុំព្រៃស្រង៉ែ ស្រុកទាំង ខេត្តតាកែវ (បង្កហេតុលើកទី២) បណ្តាលឲ្យរថយន្តតូចមួយគ្រឿងរងការខូចខាត។ អ្នកទាំង២ បើកបររថយន្តឲ្យក្រុមហ៊ុន ម៉ីងលាំង។

លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងនគរបាលខេត្តទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៍ បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនអ្នកបើកបរទាំង២រូបសមត្ថកិច្ចធ្វើតេស្តរកឃើញមានសារធាតុញៀនក្នុងខ្លួនផងដែរ ក្នុងនោះជនសង្សយ័ម្នាក់ឈ្មោះ អៀម ណាក់ គ្មានទាំងបណ្ណ័បើកបរផង៕

មតិយោបល់