ព័ត៌មានជាតិ

បញ្ជូនខ្លួនជនដៃដល់ដែលកាប់នគរបាលប៉ុស្តិ៍ផ្សារដើមគម្នាក់ឲ្យរងរបួសធ្ងន់ ទៅតុលាការ

ភ្នំពេញ: នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌទួលគោកបានបញ្ជូនខ្លួនជនដៃដល់ដែលកាប់ប្រហារទៅលើកម្លាំងនគរបាលប៉ុស្ដិ៍ផ្សារដើមគម្នាក់ពេលកំពុងចុះទៅបំពេញការងារបណ្ដាលឲ្យរងរបួសធ្ងន់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
សមត្ថកិច្ចបានប្រាប់ថា ជនដៃដល់មាន ឈ្មោះ ឈិន ម៉ាច ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ។

លោក ឃិន ទិត្យ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគ ត្រូវជនល្មើសកាប់ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងពេលបំពេញការងារ ចុះទៅសាកសួរជនប្រព្រឹត្តបទល្មើស តាមពាក្យបណ្តឹង របស់អ្នករត់ម៉ូតូកង់បីដែល កើតជម្លោះជាមួយម្ចាស់ស្តង់លក់ផ្លែឈើនៅផ្សារនាគមាស ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

គួររំលឹកថា នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់ពីមានពាក្យបណ្តឹងពីអ្នករត់កង់បីថា មានបញ្ហាជម្លោះជាមួយម្ចាស់ស្តង់លក់ផ្លែឈើនៅមុខផ្សារនាគមាស លោក ឃិន ទិត្យ និងមន្ត្រីនគរបាលប៉ុស្តិ៍ផ្សារដើមគសរុបចំនួន៣នាក់ បានចុះទៅកន្លែងកើតហេតុ គ្រាន់តែទៅដល់មុខផ្សារនាគមាស មិនទាំងបានសួរនាំផង ក៏ត្រូវជនល្មើសស្ទុះមកកាប់យកៗតែម្តង។ ហើយជនល្មើស ក៏ត្រូវនគរបាលចាប់ខ្លួនបានភ្លាមៗផងដែរ ៕

មតិយោបល់