ព័ត៌មានជាតិ

លោកចៅក្រម សាន្ត សុផាត ដោះលែងស្ត្រីដែលយកកាំបិតចាក់ គូទំនាស់ នៅខណ្ឌដូនពេញ ឲ្យទៅផ្ទះវិញ

ភ្នំពេញ: លោក សាន្ត សុផាត ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញ បានដោះលែងស្ត្រីម្នាក់ ដែលយកកូនកាំបិតចាក់គូទំនាស់ រងរបួស នៅខណ្ឌដូនពេញ ឲ្យមានសេរីភាពវិញហើយ ដោយដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ នេះបើយោងតាមការ បញ្ជាក់ ពីសមត្ថកិច្ចខណ្ឌដូចពេញ។

យោងតាមប្រភព ស្ត្រីជាជនត្រូវចោទមានឈ្មោះ សាន់ ពិសី ភេទ ស្រី អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មានទីលំនៅ ផ្ទះលេខ ១៦៤E៤ ផ្លូវលេខ ១៥៤ សង្កាត់ ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានលោក រៀល សុភិន ជាតំណាងអយ្យការចោទប្រកាន់ពីបទ ហិង្សាមានស្ថានទម្ងន់ទោស យោងតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលផ្សារថ្មី៣ បានឃាត់ខ្លួន ជនត្រូវចោទខាងលើ កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ លន់ សាវី ភេទ ស្រី អាយុ ៥៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះលេខ ៣២៤ E៣ ផ្លូវលេខ ៤៩ ភូមិទី៨ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយចោទប្រកាន់លើជនត្រូវចោទថា បានយកកូនកាំបិតចាក់លើខ្លួន បណ្តាលឲ្យរបួសចំកែងដៃខាងស្តាំរបួសធ្ងន់។

ហេតុការណ៍បង្កហិង្សា ខាងលើ បានកើតឡើងកាលពីវេលាទាបភ្លឺថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលេខ ៣១៩ E៣ ផ្លូវលេខ ៤៩ ភូមិទី ៨ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

មតិយោបល់