ព័ត៌មានជាតិ

លោះព្រលឹងអស់! ជនសង្ស័យដកកាំភ្លើងជ័រភ្ជង់សមត្ថកិច្ច ដល់បែកការណ៍ក៏ត្រូវទ្រោមខ្លួន

ភ្នំពេញ: ​ជនសង្ស័យ​ម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌ​ពោធិ៍​សែន​ជ័យ ​សហការ​ជាមួយប៉ុស្តិ៍​ចោម​ចៅ​២ ធ្វើការឃាត់ខ្លួនពីបទ​រក្សា​ទុក​នូវសារធាតុ​ញៀន ដោយនៅពេលឃាត់ខ្លួននោះ ស្រាប់តែ​ជនសង្ស័យ ​ដកកាំភ្លើង​ជ័រ​មួយ​ដើម ​​ទៅ​ភ្ជង់សមត្ថកិច្ច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅ​​ភូមិ​ថ្មគោល​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនសង្ស័យ​ឈ្មោះ ភា​ច និមល ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មើល​កូន​នៅផ្ទះ ស្នាក់​នៅភូមិឃុំខាងលើ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ព្រៃ ស្រុក​ជល​គិរី ខេត្តកំពត។

តាមសមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​ពួក​គាត់​បាន​ចុះល្បាត​នៅ​ក្នុងភូមិ​សាស្ត្រ​ខាងលើ លុះ​​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ម្នាក់ ​កំពុង​ដើរ​តាម​ផ្លូវ​ម្នាក់ឯង​ មាន​ពាក់មួក​ទាហាន ក៏មានការ​សង្ស័យ ទើប​​ឃាត់ខ្លួន និងឆែកឆេរ​ ​ស្រាប់តែ​ជនសង្ស័យ ​បាន​យក​កាំភ្លើង​ជ័រ​ភ្ជង់​សមត្ថកិច្ច​វិញ ធ្វើ​ឲ្យ​សមត្ថកិច្ច​ភិតភ័យ​ ប៉ុន្តែ​ពេល​ភ្ជង់​ទៅ​កាំភ្លើង​នោះ​ស្រាល ​ទើប​សមត្ថកិច្ច​ដឹង​ថា ជា​កាំភ្លើង​ជ័រ ភ្លាម​ៗ​នោះ​ កម្លាំង​សមត្ថកិច្ច​ បាន​ទះ​ជនសង្ស័យ​២-៣​ដៃ​ម្នាក់ បណ្តាល​ឲ្យ​រង​របួសយ៉ាងដំណំ ហើយ​បាន​ធ្លាក់​ថ្នាំ​ញៀន​ចេញពី​ខ្លួន​ចំនួន​មួយ​កញ្ចប់ បន្ទាប់​សមត្ថកិច្ច ក៏បាន​នាំ​ជនសង្ស័យ​​ទៅ​សាកសួរ​បន្តនៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​២ ដើម្បីកសាង​សំណុំរឿង​ ​ចាត់បន្តការ​តាម​នីតិវិធី៕

មតិយោបល់