ព័ត៌មានជាតិ

គេចខ្លួនជាង១ខែ តែរួចមិនផុតពីសំណាញ់ច្បាប់!

ពោធិ៍សាត់: ជនសង្ស័យចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពីបទលួចគាស់ទ្វារឃ្លាំង និងជីករូងដីទម្លុះរបងចូលយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៤ និង១៧នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ មានករណី បទលួចគាស់ទ្វារឃ្លាំង និងជីករូងដីទម្លុះរបងចូលយកឈើអស់ចំនួន២២សន្លឹក និងម៉ាស៊ីនភ្លើង១គ្រឿង កុំព្យូទ័រ១គ្រឿង អាគុយ១២០ អំពែចំនួន១ ស្ថិតនៅចំណុចដំណាក់ឈើក្រំ (ផ្នែករដ្ឋាភិបាលព្រៃឈើ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់) ស្ថិតនៅភូមិព្រែកមួយ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លុះដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៤និង១៧នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសំរោង សហការជាមួយប្រជាការពារ និងមន្ត្រីរដ្ឋបាលព្រៃឈើស្រុកភ្នំក្រវាញ ពួនស្ទាក់ចាប់បានក្រុមចោរចំនួន៣នាក់ ដែលកំពុងលួចឈើចេញពីឃ្លាំងរដ្ឋបាលព្រៃឈើយកទៅលក់។

ជនសង្ស័យចំនួន៣នាក់
១-ឈ្មោះ ធឿន សុឃឿត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ
២-ឈ្មោះ អឿន សុខរ៉ា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិពេជបាន ឃុំលាច ស្រុកភ្នំក្រវាញ
៣-ឈ្មោះ ចេក សុខសាន្ត ភេទប្រុស អាយុ១៧ឆ្នាំ នៅមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ

ក្នុងនោះសមត្ថកិច្ចដកហូតបាន៖ ម៉ូតូ២គ្រឿងឈើប្រភេទប្រណិត(ធ្នង់)ចំនួន៣សន្លឹក។

ជនសង្ស័យទាំង៣នាក់ មានសារជាតិញៀន។ ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះ ធ្វើឡើងតាមបញ្ជាលោកព្រះរាជអាជ្ញា និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់