ព័ត៌មានជាតិ

រថយន្តបែនដឹកដី បើកបុកកិនម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ: បុរសម្នាក់សល់តែដង្ហើមចង្រិត បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តបែនដឹកដី បើកបុកកិនម៉ូតូជាប់ពីក្រោមរថយន្តអូសប្រហែល២០ម៉ែត្រ។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវលំ ខាងត្បូងវត្តភ្នៀត ក្នុងភូមិស្នោកើត សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះខាងលើមាន ឈ្មោះ ជឿន ស៊ីណា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CG-6147។ ចំណែករថយន្តបង្ក ម៉ាកហ៊ីណូ បែនកង់៦ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-8990 ដឹកដី អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុបានគេចខ្លួនបាត់ ។

តាមសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ក្នុងគោលបំណងទៅយកប្រពន្ធចេញពីធ្វើការរោងចក្រ ធ្វើដំណើរតាមផ្លូវលំខាងលើពីជើងទៅត្បូង លុះដល់ចំណុចខាងលើ ស្ថានភាពផ្លូវតូចចង្អៀត ត្រូវបានរថយន្តបង្កបើកល្បឿនលឿនផង បុកចំពីមុខ កិនអូសច្រើនម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ ។

តាមពលរដ្ឋដែលនៅក្បែរនោះបានឲ្យដឹងថា មុនពេលកើតហេតុ ឃើញរថយន្តដឹកដីពេញ បើកតាមផ្លូវខាងលើពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ បុកម៉ូតូពេញទំហឹង កិនអូសច្រើនម៉ែត្រ ជាប់ម៉ូតូពីក្រោមរថយន្ត ខ្ទេចស្ទើរទាំងស្រុង អ្នកបើកបរម៉ូតូរងរបួសធ្ងន់ បាក់ដៃ បាក់ជើង ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិ ក្រុមគ្រួសារ ហៅរករថយន្តគ្លីនិករស្មី ដឹកបញ្ជូនទៅមន្ទីរពេទ្យកាលម៉ែត។ ចំណែករថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញចុះទៅពិនិត្យ រួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រង់ចាំដោះស្រាយពេលក្រោយតាមច្បាប់បន្តទៀត៕

មតិយោបល់