ព័ត៌មានជាតិ

ចុងភៅ និងអ្នករត់តុនៅផ្សារអ៊ីអន២ ចេញពីផឹកស៊ី ត្រូវក្រុមជនសង្ស័យមានគ្នា៦នាក់ ជិះម៉ូតូដេញវាយ ស្លាប់ និងរបួស ២នាក់

ភ្នំពេញ: ជនរងគ្រោះពីរនាក់ ម្នាក់ជាចុងភៅ ម្នាក់ទៀតជារត់តុ បានជិះម៉ូតូចេញពីផឹកស៊ីបំណង ទៅខារ៉ាអូខេ ស្រាប់តែត្រូវក្រុមជនសង្ស័យមានគ្នា៦នាក់ ជិះម៉ូតូដេញវាយ បណ្ដាលឲ្យម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតស្លាប់នៅពេលទៅដល់មន្ទីពេទ្យ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចខាងមុខដីឧកញ្ញ៉ាលីហួរ ផ្លូវ៥៩៨ក្រុម៦ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។

​ជនរងគ្រោះទី១ឈ្មោះ​ សឿន​ សាន់​ ភេទប្រុស​ អាយុ២២ឆ្នាំ​ ស្នាក់នៅផ្ទះជួលខណ្ឌសែនសុខ​ មុខរបរ​ ចុងភៅនៅផ្សារអ៊ីអន២ ​រងរបួសបែកក្បាលដេរ​២០ថ្នេរ​ បាក់កដៃខាងឆ្វេង​ និងជនរងគ្រោះទី២ឈ្មោះ​ ឆាន់​ នី​ ភេទប្រុស​ អាយុ២៦ឆ្នាំ​ ស្នាក់នៅផ្ទះជួល​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ មានស្រុកកំណើតនៅភូមិកំពង់ត្រាចទី១​ ឃុំកំពង់ត្រាច​ ស្រុកកំពង់ត្រាច​ ខេត្តកំពត​ មុខរបរ​ រត់តុនៅផ្សារអ៊ីអន២​ (ស្លាប់ពេលទៅដល់មន្ទីពេទ្យ​)។

ចំណែកជនសង្ស័យ មិនស្គាល់អត្តសញ្ញាណមានគ្នា៦នាក់​ បានជិះម៉ូតូ៣ គ្រឿងរួមមាន៖
– ទី១ម៉ាកហុងដាzoomer ពណ៌ខ្មៅ​
– ទី២ម៉ាកហុងដាMSX ពណ៌ស​
– និងទី៣ម៉ាក ​suzuki nex ពណ៌ខៀវ​ ។

​សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ បានជិះម៉ូតូចេញពីផឹកស៊ី នៅមុខបន្ទប់ជួលជិតផ្សារដើមអំពិល ខណ្ឌសែនសុខ គោលបំណងទៅច្រៀងខារ៉ាok នៅម្តុំផ្សារដីហុយ ដោយជិះម៉ូតូតាមបណ្តោយផ្លូវម៉ុងរិទ្ធី ពីលិចទៅកើតពេលមកដល់ចំណុចផ្លូវឆ្លងកាត់ ក៏មានក្រុមជនសង្ស័យខាងលើមានគ្នា៦នាក់ ឆ្លងផ្លូវតែដោយជនរងគ្រោះ បើកបរលឿនធ្វើឲ្យក្រុមជនសង្ស័យ ឆ្លងផ្លូវមិន​បានក៏ស្រែកជេរ​មកលើខាងជនរងគ្រោះ ហើយ​ ​បានជិះម៉ូតូដេញវាយរហូតមកដល់មុខដីលីហួរ ជនរងគ្រោះដួលម៉ូតូ​ ពេលនោះក្រុមជនសង្ស័យ ចុះមកវាយបន្ថែមទៀត​ រួចក៏គេចខ្លួនអស់ទៅ​។
ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ​ ដោយស្ថានភាពធ្ងន់ធ្ងរជនរងគ្រោះម្នាក់បានស្លាប់ ពេលទៅដល់មន្ទីពេទ្យ។

បច្ចុប្បន្ន កម្លាំងជំនាញ កំពុងធ្វើការស្វែងរកកាមេរ៉ាសុវត្ថិភាព តាមដងផ្លូវដើម្បីកំណត់មុខសញ្ញា និងស្វែងរកចាប់ជនសង្ស័យ មកចាត់ការតាមនីតិវិធី៕

មតិយោបល់