ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងប៉ះគ្នា បណ្ដាលឲ្យខ្ទាតស្រ្តីម្នាក់ ចូលទៅក្រោមកង់រថយន្ត កិនចំក្បាលរបួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងម៉ូតូប៉ះទង្គិចគ្នា បណ្ដាលឲ្យស្ត្រីម្នាក់ ដួលខ្ទាតចូលក្រោមកង់រថយន្តកិនចំក្បាល រងរបួសធ្ង​ន់ និងក្មេងប្រុសម្នាក់របួសស្រាល ដែលកើតឡើងកាលពីវេលាម៉ោង ២ និង ៤៥នាទីរសៀលថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ នៅចំណុចខាងមុខបុរី ដឺស្តា ណេតឈឺរ៉ល ផ្លូវលេខ ៣៧១ ភូមិព្រែកតាគង់ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

តាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ស្រ្តីរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BK-7377 ក្នុងទិសដៅពីលិចទីកើត ដោយឌុបកូនប្រុសម្នាក់នៅខាងក្រោយ លុះមកដល់ចំណុចកើតហេតុ ក៏បានប៉ះជាមួយនិងម៉ូតូ មិនស្គាល់ម៉ាកមួយគ្រឿងទៀត បណ្តាលឲ្យដួល និងខ្ទាតស្រ្តីជាម្តាយចូលទៅក្រោមកង់រថយន្តមួយគ្រឿង ម៉ាក IZUZU ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2S-7055 ដែលបើកបត់ចូលក្នុងបុរី ក៏ត្រូវកិនចំក្បាល បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង ចំណែកឯបុរសជាកូនរងរបួសស្រាលប៉ុណ្ណោះ រីឯម៉ូតូមួយគ្រឿងទៀត បើកគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានគេបញ្ជូនតាមម៉ូតូរ៉ឺម៉កកង់បី យកទៅសង្រ្គោះនៅមន្ទីរពេទ្យមិត្ត ភាពខ្មែរ សូវៀត ចំណែកឯម៉ូតូ និងរថយន្ត ត្រូវបានបញ្ជូយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំធ្វើកាដោះស្រាយពេលក្រោយ៕

មតិយោបល់