ព័ត៌មានជាតិ

រថយន្ត ពន្លះម៉ូតូមួយគ្រឿង បណ្ដាឲ្យស្លាប់បុរសម្នាក់

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត បុកនិងម៉ូតូ បណ្តាលស្លាប់បុរសម្នាក់ កាលពីវេលាម៉ោង ៦ និង៥០នាទីល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ៤៩-៥០ចំណុច ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។

ម៉ូតូម៉ាកHONDA MD ពណ៌ក្រហម ប្រភេទស្រី ពាក់ស្លាកលេខ ភ្នំពេញ1DD-O825 បើកបរដោយឈ្មោះ ផាន សារ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅ ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល មានទិសដៅពីភ្នំពេញទៅអ្នកលឿង តាមផ្លូវជាតិលេខ១។ លុះមកដល់ចំណុចកើតហេតុ បានបើកបុក រថយន្តមិនស្គាល់អត្តសញ្ញាណ ដែលបើកក្នុងទិសដៅផ្ទុយគ្នា (រួចរថយន្តក៏បើករត់គេចបាត់) ស្របពេលនោះ ក៏មានរថយន្តមួយគ្រឿងទៀត ម៉ាក KIA FRONTIER ពណ៌ស ប្រភេទដឹកទំនិញធុនតូច ពាក់លេខ 2AA-7258 បើកបរដោយឈ្មោះ អ៊ុក សុភ័ស្ស ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិសំរោងក្អែរ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានអ្នករួមដំណើរម្នាក់ ឈ្មោះអ៊ុង ចម្រើន ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិសំរោងក្អែរ២ ជាមួយគ្នា ដែលបើកមកពីក្រោយ មានទិសដៅពីភ្នំពេញទៅអ្នកលឿង មកដល់ក៏បុកម៉ូតូបន្ថែមទៀត បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង។ ហើយរថយន្តនោះ បានបើកទៅបុករថយន្តមួយគ្រឿងទៀត ។

ក្រោយកើតហេតុ រថយន្ត និងម៉ូតូ ខូចខាតស្រាល ត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។ ចំណែកអ្នកបើករថយន្ត ឈ្មោះអ៊ុក សុភស្ស ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។

ករណីខាងលើនេះ សមត្ថកិច្ចបានសន្និដ្ឋានថា បណ្តាលមកពីអ្នកបើកបររថយន្ត ឈ្មោះ អ៊ុក សុភ័ស្ស ធ្វេសប្រហែសមិនប្រុងប្រយ័ត្ន៕

មតិយោបល់