ព័ត៌មានជាតិ

ស៊យនោះស៊យ! កំពុងតែអត់ផង ចោរលួចម៉ូតូបាត់ទៀត!..

ភ្នំពេញ: បុរសម្នាក់ ខណ:ដែលជីវភាពកំពុងក្រខ្សត់ អត់មានរបរអ្វីក្រៅរត់ឌុប គ្រាន់បានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ តែត្រូវបានលោកចោរ គ្មានក្តីមេត្តា មកលួចកាច់ក យកទៅបាត់ដោយគ្មានអ្នកណាដឹងសូម្បីបន្តិច ។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៥៥នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម៉ូតូដែលចោរលួចបាត់ខាងលើ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1G-6410 ជាម៉ូតូបង់រំលស់ដែលម្ចាស់ជាជនរងគ្រោះមានអាយុ៥៨ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ក្រុងសួង ខេត្តត្បូងឃ្មុំ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា គាត់កំពុងតែអត់ផង ជីវភាពគ្រួសារ រកមួយថ្ងៃ សម្រាប់រស់មួយថ្ងៃ ក្នុងរបរ រត់ម៉ូតូឌុប ហើយម៉ូតូនោះទិញ បង់រំលស់ជាមួយក្រុមហ៊ុន នៅសល់១ឆ្នាំទៀតទើបដាច់ មកដល់ពេលនេះ គ្មានអ្វីទីពឹងទៀតទេ កាលបើលោកចោរ គាត់លួចយកម៉ូតូទៅបាត់ហើយនោះ។

ក្រោយកើតហេតុ ជនរងគ្រោះបានត្រឹម រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ ដើម្បីឲ្យជួយស្រាវជ្រាវផងក្រែងបានម៉ូតូរបស់ខ្លួនមកវិញ៕

មតិយោបល់