ព័ត៌មានជាតិ

គាស់សោទ្វារលួចទ្រព្យសម្បត្តិ បានសម្រេចហើយ ម្ចាស់ទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច!

ភ្នំពេញ: ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពគាស់ ឆ្កឹះសោទ្វារផ្ទះ ចូលលួចលុយ ទ្រព្យសម្បត្តិ បានហើយ សាច់ញាតិម្ចាស់ផ្ទះចេញមកទាន់ ប្រាប់ម្ចាស់ចាប់ឃាត់ខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង៩និង៣៥នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះលេខ២២២ សហគមន៍៤ បុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ នួន ខ្លឹម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅតាមការដ្ឋានសំណង់ មានស្រុកកំណើត ខេត្តស្វាយរៀង ។ ចំណែកម្ចាស់ផ្ទះ ឈ្មោះ ថេង វ៉ាន់នុត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើត ភូមិឈើទាន ឃុំព្រែកទទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។ សម្ភារ: លុយកាក់ដែលជនសង្ស័យចូលលួចបាន មានលុយជាង១ពាន់ដុល្លារ លុយខ្មែរជាង១០ម៉ឺនរៀល ទូរស័ព្ទដៃ១គ្រឿង (តែដកហូតបានមកវិញ)។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា ខណ:ដែលកំពុងធ្វើការងារ ក្បែរនោះ ផ្ទះដែលបានចាក់សោទុកចោល ត្រូវបានជនសង្ស័យខាងលើ មានប្រដាប់ ឧបករណ៍ ជាស្រេច ស្ពាយទៅ ធ្វើសកម្មភាពគាស់ ឆ្កឹះសោទ្វារ លួចកាបូបចំនួន៣ កាបូបស្ពាយ២ និងកាបូបកាន់ដៃ១ ក្នុងនោះមានលុយ ជាង១ពាន់ដុល្លា រ ប្រាក់រៀល ជាង១០ម៉ឺនរៀល តែត្រូវបាន សាច់ញាតិ ក្បែរនោះ ចេញមកឃើញទាន់ ទូរស័ព្ទប្រាប់ ប្រញាប់ចេញមកមើលទាន់ ចាប់ឃាត់ប្តឹងប៉ូលិស មកនាំខ្លួនទៅប៉ុស្តិ៍។

ជនសង្ស័យ បន្ទាប់ពីចាប់ខ្លួនបាន រួមជាមួយ កូនសោ សម្ភារ: សម្រាប់ប្រព្រឹត្តល្មើស នាំទៅសាកសួរនៅប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាន បន្តតាមនីតិវិធី ៕

មតិយោបល់