ព័ត៌មានជាតិ

ជនសង្ស័យដៃរហ័សខាងលួច២នាក់ អស់លក្ខណ៍ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន

បាត់ដំបង: កាលពីវេលាម៉ោង៧និង៣២នាទីយប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ក្នុងក្រុមទី១៥ ភូមិព្រែកព្រះស្តេច ក្រុងបាត់ដំបង មានករណីចូលលួចទ្រព្យសម្បត្តិ ដោយមានជនសង្ស័យបានចូលលួច ទ្រព្យសម្បត្តិ របស់ជនរងគ្រោះឈ្មោះ ស៊ុយ គឹមហេង ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។

ក្នុងនោះដែរ ជនសង្ស័យទាំងនោះបានលួចយក៖ ខ្សែក២ខ្សែ តម្លៃ២៤៥០ដុល្លារ, ខ្សែដៃ១ខ្សែ តម្លៃ១៨០០ដុល្លារ , កងដៃ១គូតម្លៃ៤៥០ដុល្លារ, ប្រាក់ ២០០០ ដុល្លារ រួមនឹងឯកសារប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួន។

ក្រោយពេលទទួលពាក្យបណ្តឹងផ្នែកជំនាញបានធ្វើការស៊ើនអង្កេតស្រាវជ្រាវនិងសហការជាមួយការិយាល័យជំនាញ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ វ៉ាន់ រ៉ាវ័ន្ត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្នាក់នៅបណ្តោះអាសន្ន ភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង មកកាន់អធិការដ្ឋានក្រុង ដើម្បីធ្វើការសាកសួរ។

ក្រោយពីសាកសួរ ជនសង្ស័យសារភាពថា ខ្លួននិងបក្ខពួកឈ្មោះ សឿង ប៉ាវ ភេទប្រុស អាយុ២៥ឆ្នាំ ពិតជាបានធ្វើសកម្មភាពចូលលួចយកទ្រព្យគេពិតប្រាកដមែន។

សម្ភារ:ដកហូតរួមមាន ម៉ូតូ ស្កុបពីអាយ ពណ៌ផ្កាឈូកស្លាកលេខ ភ្នំពេញ 1CM-8562 និងដែកពន្លាក ១ដើម ។

លុះដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលក្រុង បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ឈ្មោះ សឿង ប៉ាវ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។ ដកហូតបាន ខ្សែកចំនួន៤ខ្សែ , ខ្សែដៃចំនួន២ខ្សែ , លុយដុល្លារ៩ដុល្លារ និង សម្ភារ:មួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងរៀបចំឯកសារបញ្ជូនទៅការិយាល័យជំនាញខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់ បន្តទៀត៕

មតិយោបល់