Post News Media ព័ត៌មានជាតិ អាងអីហ្នឹង! ជ...

អាងអីហ្នឹង! ជិះសុទ្ធតែឡិចស៊ីស៥៧០ស្លាកលេខ រដ្ឋ07-2-8989 បង្កគ្រោះថ្នាក់ដកកាំភ្លើងគំរាម ព្យាយាមរំដោះរថយន្តចេញ!

ភ្នំពេញ: រថយន្តឡិចស៊ីស៥៧០ ពាក់ស្លាកលេខរដ្ឋ 07-2-8989 ក្រោយពីម្ចាស់អ្នកបើកបរ បង្កបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដោយបុកសួនទ្រូងផ្លូវ បុកទាំងបង្គោលភ្លើង តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខវិទ្យាល័យឫស្សីកែវ ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង២ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ហើយត្រូវបានសមត្ថកិច្ចជំនាញ ស្ទូចយកទៅកាន់ការិយាល័យចរាចរណ៍ជើងគោក ក្រុងភ្នំពេញ នាវេលាម៉ោង៣និង១៥នាទី ក្រោយកើតហេតុ។ ហើយខណ:ដែលកម្លាំងជំនាញ នាំយករថយន្តឡិចស៊ីស៥៧០ ទៅរក្សាទុកនៅការិយាល័យជំនាញ បែរជាម្ចាស់រថយន្តឡិចស៊ីសទំនើបស្ទាក់ចាប់ឃាត់ដណ្តើម យករថយន្តខ្លួននៅតាមផ្លូវ ដោយដកកាំភ្លើងគំរាមទៅលើ អ្នកបើកបររថយន្តស្ទួចគម្រាមឲ្យបើកយកទៅរក្សាទុកនៅផ្ទះខាងលើទើបផ្អើលឆោឡោ សមត្ថកិច្ចច្រើនជំនាញចុះទៅអន្តរាគមន៍ នៅព្រឹកថ្ងៃទី១៥ ខែសីហា នេះនៅផ្ទះលេខ អ៊ែ០៤ ភូមិ«ខ» ១សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ខណ:ដែលកំពុង នាំយករថយន្តខាងលើ ធ្វើដំណើរដល់ម្តុំវត្តទួល ភូមិគ្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦​ រថយន្តស្ទូចដែលដឹករថយន្តទំនើបបើកឆ្លងកាត់ស្ពានថ្ម កំពុងសាងសង់មិនទាន់ហើយបើកឆ្លងកាត់មិនកើត ទើបសមត្ថកិច្ច ឲ្យរថយន្តខាងលើ បើកថយក្រោយ រកផ្លូវវាងវិញ។ រីឯរថយន្តសមត្ថកិច្ច ក៏បានទៅមុនបាត់ទៅ ស្រាប់តែ មានរថយន្តកូរ៉ូឡាមួយគ្រឿង ពណ៌ស្លែ ពាក់ស្លាកលេខ កណ្តាល 2A-1246 ជិះគ្នា២នាក់ ក្នុងនោះ ម្នាក់ជាម្ចាស់រថយន្តឡិចស៊ីស ៥៧០ ពាក់ស្លាកលេខរដ្ឋ បង្កបញ្ហាខាងលើផងដែរ ធ្វើសកម្មភាពស្ទាក់ឃាត់ រថយន្តស្ទូច ដែលដឹករថយន្ត៥៧០ទំនើបនោះ ហក់ឡើងចូលកាប៊ីន ដកកាំភ្លើង ប៉េអាតាគម្រាមដកទាំងទូរសព្ទ អ្នកបើកបររថយន្តស្ទូច បង្គាប់ឲ្យបើកយករថយន្តខាងលើ ទៅទុកនៅក្នុងផ្ទះលេខអ៊ែរ០៤ ផ្លូវបេតុង ភូមិ«ខ» សង្កាត់ច្រាំងចម្រេះ២ ខណ្ឌឫស្សីកែវ ។

ប្រភពបន្តទៀតថា ក្រោយពីរថយន្តឡិចស៊ីសខាងលើ ត្រូវបានម្ចាស់ទំនើង ស្ទាក់ចាប់រំដោះយក ទុកក្នុងផ្ទះខាងលើទើបអ្នកបើកបររថយន្តស្ទូច មានលទ្ធភាព ទូរសព្ទប្រាប់ទៅសមត្ថកិច្ចជំនាញក្រុង ទើបបង្កឲ្យភ្ញាក់ផ្អើល ឆោឡោ កម្លាំងជាច្រើនស្ថប័ណ ជំនាញ សហការជាមួយ កម្លាំងអធិការដ្ឋានខណ្ឌឫស្សីកែវ ចុះដល់ផ្ទះខាងលើយករថយន្តឡិចស៊ីស៥៧០ ខាងលើតែបាន ទៅរក្សាទុកនៅស្នងការក្រុងវេលាព្រឹក ថ្ងៃទី១៥ ខែសីហា នេះ តែខណ:ដែលកម្លាំងចុះទៅ ត្រូវបានម្ចាស់រថយន្តទំនើបខាងលើ រារាំងជាមួយសមត្ថកិច្ច ទើបសមត្ថកិច្ចឃាត់ខ្លួនជនល្មើសខាងលើបាន២នាក់ វាយខ្នោះ ជាប់ ចំណែកអាវុធខ្លីមួយដើម ដែលជនល្មើសប្រើធ្វើសកម្មភាព សមត្ថកិច្ច សុំគោលការពីស្ថាប័ន តុលាកា ជំនាញ បង្កើនកម្លាំងបន្ថែម ខណ:ដែលជនល្មើសយកលាក់ទុកក្នុង សាក់កាដូ ក្នុងបង្គន់ ។

ប្រភពបន្តទៀតថា ស្របពេលដែលកម្លាំងសមត្ថកិច្ចឡើងទៅយកកាំភ្លើងដែលជនល្មើសលាក់ទុកនៅក្នុងបន្ទប់ទឹកជាន់ទី១ ត្រូវប៉ះជាមួយ កម្មករសំណង់ជើងខ្លាំងម្នាក់ទៀត ជាបក្ខពួក កូនចៅរបស់ជនល្មើស រារាំងជាមួយសមត្ថកិច្ច ទើបកម្លាំងសម្រុកចូលទៅចាប់ឃាត់ កម្មករជើងខ្លាំងបានម្នាក់ទៀត ឈ្មោះ អុល ផានិត ភេទប្រុស អាយុ២៥ឆ្នាំ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនល្មើស ជាម្ចាស់រថយន្ត ឡិចស៊ីស៥៧០ ពាក់ស្លាកលេខ រដ្ឋ07-2-8989 មានឈ្មោះ គ្រី ដារិន ភេទប្រុស អាយុ៣៨ឆ្នាំ ។ ចំណែក ជនពាក់ព័ន្ធ ជាបក្ខពួក ម្នាក់ទៀត ឈ្មោះ ស្រ៊ុន ពិសិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ ជាដៃជើងបុរសខាងលើ ។

ក្នុងប្រតិបត្តិការ បង្ក្រាបបុរសខាងលើថ្លើមធំហ៊ានប្រើប្រាស់កាំភ្លើងគម្រាម រំដោះរថយន្ត ក្រោយជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ រថយន្ត២គ្រឿង មួយគ្រឿង ម៉ាកឡិចស៊ីស Lx៥៧០ បង្កគ្រោះថ្នាក់ចរាចរណ៍ និងមួយគ្រឿងទៀត ម៉ាកកូរ៉ូឡា ជិះធ្វើសកម្មភាពគម្រាមរំដោះយករថយន្ត កាំភ្លើងខ្លីមួយដើម ម៉ា ប៉េអាតា រួចនាំទៅកាន់ស្នងការក្រុងភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

Loading...