ព័ត៌មានជាតិ

តៃកុងរថយន្តម្នាក់ បើកបុកកម្មករធ្វើផ្លូវបណ្តាលឲ្យស្លាប់និងរបួស ព្រមទាំងខូចរថយន្តសម្រាប់អ៊ុតគំនូសផ្លូវទៀត!

កណ្តាល: កាលពីវេលាម៉ោង១២ និង៥៥នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រលេខ៣៨ -៣៩ ចំណុចមុខឡឥដ្ឋ ភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5518 បើកបរដោយ ឈ្មោះ ផេង លាង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិស្វាយព្រៃ ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម។

រថយន្តខាងលើនេះ ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានមកបុក មនុស្សម្នាក់ឈ្មោះ យុ សុំគិន ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិចិន ស្នាក់នៅ ក្នុងការដ្ឋានចិន ស្រុកបាធាយ ខេត្តកំពង់ចាម ដែលកំពុងតែដើរតិចៗកាន់សាជី ស៊ីញ៉ូរថយន្ត ដែលធ្វើដំណើរមកពីទិសខាងត្បូង ដើម្បីជៀសទៅគន្លងមួយទៀត ប៉ុន្តែរថយន្តខាងលើមិនជៀស ក៏មកបុកមនុស្ស ដែលស៊ីញ៉ូខាងលើបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ ហើយរថយន្តបង្ករខាងលើ បានជ្រុលទៅបុក រថយន្ត មួយគ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-4293 ដែលបើកបរដោយឈ្មោះ ញឹម ផាន់នី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិព្រៃស្បូវ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលកំពុងតែរយែថយក្រោយតិចៗ ដើម្បីអ៊ុតគំនូសចរាចរណ៍លើទ្រូងផ្លូវ បណ្ដាលឲ្យ របូសធ្ងន់ដល់ឈ្មោះ ផេង លាង និងរបួសស្រាលដល់ឈ្មោះ ញឹម ផាន់នី ហើយបានបញ្ជូនទៅព្យាបាលនៅពេទ្យព្រះកេតុមាលា។

សមត្ថកិច្ចបញ្ជាក់ថា អ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ព្រះសីហនុ3A-5518 បើកបរលឿន ហើយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកមនុស្ស និងរថយន្ត បណ្ដាលឲ្យស្លាប់ឈ្មោះ យុ សុំ គិន នៅកន្លែងកើតហេតុតែម្តង៕

មតិយោបល់