ព័ត៌មានជាតិ

ស្រីស្អាត២នាក់ ជិះម៉ូតូលឿនដូចហោះទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ ដេកស្តូកបាត់មាត់ឈឹង

ភ្នំពេញ: នារីវ័យក្មេងស្រស់សោភា២នាក់ ជិះម៉ូតូលឿនពេកខ្វះការប្រុងប្រយ័ត្ន ជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បណ្តាលដួលបោកនិងរងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យខាងជើង តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេយុបានឲ្យដឹងថា មុនកើតហេតុគេឃើញនារីវ័យក្មេងស្រស់សោភា២នាក់ជិះម៉ូតូមួយគ្រឿង​ម៉ាកហុងដាឌ្រីមសង់ស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CF-2569 បើកតាមបណ្តោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង បើកពីលើស្ពានអាកាសស្ទឹងមានជ័យក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើជួននឹងផ្លូវកោងផង កាច់ចង្កូតមិនទាន់ជ្រុលបុកបង្កាន់ស្ពានពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាង រង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ ដើម្បីយកត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់